ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់ ខណៈចេញពីរៀនដើរត្រឡប់ទៅផ្ទះ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង២៥នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ក្មេងប្រុសរងគ្រោះ ដែលរថយន្តបុកស្លាប់ មានអាយុប្រហែលជាង១០ឆ្នាំ ជាសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែន គ្រួស ។ ចំណែក រថយន្តបង្កម៉ាកហាយឡែនដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាប់លេខ ភ្នំពេញ 2Z-0652 ។


ប្រភពបានឲ្យដឹងថា មុនពេលកើត គេឃើញក្មេងប្រុងរងគ្រោះចេញពីសាលារៀន ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ លុះពេលដល់ចំណុចកើតហេតុ មិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែរថយន្តបង្ក មកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យក្មេងរងគ្រោះស្លាប់ភ្លាមៗតែម្តង។ លុះបន្តិចក្រោយមក ស្រ្តីជាម្តាយក្មេងរងគ្រោះបានធ្វើដំណើរមកដល់កន្លែងកើតហេតុ ហើយពេលឃើញសពកូនប្រុស បានស្រែកទ្រហោយំគួរឲ្យសង្វេគ ស្ទើរតែដួលសន្លប់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងកំណត់ហេតុ យកវត្ថុតាង ព្រមទាំងតៃកុងរថយន្ត ទៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលខេត្តសៀមរាប រង់ចាំដោះស្រាយជាមួយក្រុមគ្រួសារក្មេងរងគ្រោះតាមផ្លូវច្បាប់។


ដោយឡែក សពកុមាររងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅឋាន ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕