រាជធានីភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ និងនារីរងគ្រោះចំនួន២នាក់ (អនីតិជនម្នាក់) ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែន ពីប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម ទៅប្រទេសចិន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចចំណតរថយន្តក្រុងវ៉ាងរ៉ិច ផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ជនសង្ស័យប្រុសស្រីទាំង០៣នាក់នោះ ទី១. ឈ្មោះ ពៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ។ ទី២. ឈ្មោះ រ៉ន សុភា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ និងទី៣. ឈ្មោះ ចិត្ត ស្រីពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បម្រើការងារខារ៉ាអូខេ។ ចំណែកនារីរងគ្រោះចំនួន២នាក់ ក្នុងនោះជាអនីតិជនម្នាក់។

 

ពួកនារីរងគ្រោះបានឲ្យដឹងថា មុនពេលនាងសម្រេចចិត្តទៅប្រទេសចិន ដោយមានស្រ្តីម្នាក់ ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាម និងទទួលបានប្រាក់ ក្នុងម្នាក់ពី២០០០ដុល្លារ ទៅ៣០០០ដុល្លារអាមេរិក ហើយរាល់ការធ្វើឯកសារ និងធ្វើដំណើរ គឺមានអ្នករាប់រងទាំងអស់តែម្ដង។ ពេលនោះពួកនាងបានប្រាប់ស្រ្តីដែលជាមេខ្យល់នោះថា ពួកនាងពុំមានលិខិតឆ្លងដែនទេ ស្រ្តីជាមេខ្យល់ ក៏បានប្រាប់ថា ខ្លួននឹងនាំទៅធ្វើលិខិតឆ្លងដែន ព្រោះធ្វើតែ១ថ្ងៃបានហើយ ពេលដែលទទួលបានលិខិតឆ្លងដែនរួចហើយ នឹងធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត ហើយពេលទៅដល់ហូជិមិញ គឺមានមេខ្យល់ចាំទទួល ដើម្បីនាំឆ្លងដែនទៅប្រទេសចិន តែម្ដង។


ជនសង្ស័យប្រុសស្រីជាមេខ្យល់ ទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន មកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង២នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕