រាជធានីភ្នំពេញ ៖ នារីខារ៉ាអូខេម្នាក់ កើតទុក្ខមិនសុខចិត្តពីរឿងថៅកែបង្ខំឲ្យបម្រើសេវាផ្លូវភេទ បានរត់ប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍ បន្ទាប់ពីក្រុមភ្ញៀវជនជាតិចិន ពេលមកច្រៀងម្ដងៗតែងលូកលាន់កេរខ្មាសនាងនិងវាយទះកំផ្លៀងនាងមិនត្រឹមតែប៉ុណ្ណោះថៅកែខារ៉ាអូខេបង្ខំអោយទៅដេកជាមួយភ្ញៀវទៀតផង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៩ ក្នុងខារ៉ាអូខេយីហោ ( ជីនជន ) ដែលមានទីតាំងនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។


នារីរងគ្រោះម្នាក់ បានរៀបរាប់ទាំងទឹកភ្នែកថា ថៅកែខារ៉ាអូខេជនជាតិចិន យីហោ ជីនជន តែងបង្ខំអោយនាងដេកជាមួយភ្ញៀវ តែគាត់មិនព្រម រួចក៏ដេញគាត់ចេញមកក្រៅ ឈប់ឲ្យធ្វើការ លុយក៏មិនបើកឲ្យដែរ។ ដោយអស់ទ្រាំ និងលែងខ្មាសអៀនទៀតនោះ នាងបានលើកដៃសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សូមមានចំណាត់ការលើហាងខារ៉ាអូខេ យីហោ ( ជីនជន) នេះផង ដើម្បីកុំអោយមាននារីណាផ្សេងទៀត រងគ្រោះ ដោយសារម្ចាស់ហាងជនជាតិចិននេះធ្វើបាប។


នារីរងគ្រោះជាជនជាតិខ្មែរម្នាក់នេះ បានរៀបរាប់បន្តថា នាងមានស្រុកកំណើតនៅខេត្តតាកែវ ។ កន្លងមកនាង ត្រូវបានថៅកែជនជាតិចិនបង្ខំឲ្យដេកជាមួយភ្ញៀវចិនចំនួន៥ដងមកហើយ បើមិនព្រម គឺដេញចេញពីការងារ នៅពេលដេកម្ដងៗ មុនដំបូងថា ឲ្យ១៥០ដុល្លារ ដល់ពេលដេក រួចឲ្យតែ១០០ដុល្លារប៉ុណ្ណោះ ហើយកាត់យកកុំមីស្យុង១៥ដុល្លារថែមទៀត ដូច្នេះក្នុង១៥០ដុល្លារនាងទទួលបានតែ៨៥ដុល្លារប៉ុណ្ណោះ គេកាត់យកអស់៦៥ដល្លារទៅហើយ។
នាងបន្ដថា នៅយប់កើតហេតុនេះ មានភ្ញៀវចិន ចូលមកច្រៀងលេង មានគ្នា៤នាក់ ហើយស្រីៗពួកនាងមានគ្នា៥នាក់ទាំងអ្នកកាន់បន្ទប់។ ក្នុងពេលនោះនាង ត្រូវបានជនជាតិចិនលូកចាប់ប្រដាប់សំខាន់ៗរបស់នាង តែនាងបេះដៃចេញ អ្នកខ្លះទាញខ្សែអាវចង់ស្រាយចេញ អ្នកខ្លះលូកដល់អាវក្នុង នាងទាញដៃចេញ តែរាល់ការទាញដៃចេញម្ដងៗ ត្រូវបានគេវាយនាងគ្រប់ដៃគឺ៤នាក់វាយនាង៥ដងទៅហើយ ពេលប្ដឹងថៅកែ គេមិនជួយរកដំណោះស្រាយទេ បែរជានិយាយថា មកពីគេស្រឡាញ់ ទើបគេបេះបោចអីចឹង។ ដោយសារនាងមិនព្រមឲ្យគេបេះបោចគ្រប់គ្នា ទើបថៅកែចិនសម្រេចដេញនាងចេញទាំងយប់បែបនេះតែម្ដង។
នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍។ តែលទ្ធផលយ៉ាងណានោះ គេមិនទាន់ដឹងនៅឡើយទេ ៕