ខេត្តព្រះសីហនុ ៖ រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿង និងរថយន្តដឹកថ្ម ១គ្រឿង បានបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកគ្នាយ៉ាងពេញទំហឹង ហូរប្រេងពេញផ្លូវ ហើយពលរដ្ឋរស់នៅក្បែរៗនោះ នាំគ្នាទៅដណ្តើមត្រងយកប្រេងពីរថយន្តដឹកប្រេង យកទៅទុកប្រើប្រាស់ តែសំណាងណាស់ ដែលមិនផ្ទុះឆេះ។
ហេតុការណ៍រថយន្តធុនធំបុកគ្នា ដ៏រន្ធត់នេះ កើតឡើងកាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។


សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តដឹកប្រេងឥន្ធនៈ ពាក់ស្លាកលេខ ភ្នំពេញ 3B-83 71 បើកបរដោយឈ្មោះ អ៊ួន ប៊ុនថាង អាយុ២២ឆ្នាំ ក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តធុនធំ ដឹកថ្មម៉ាក STELL ពាក់ស្លាកលេខ ព្រះសីហនុ 3A-76.46 បើកបរដោយឈ្មោះ យង់ មករា អាយុ២៤ឆ្នាំ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តដឹកថ្មរងរបួសធ្ងន់។ តែសំណាងល្អ ដែលមិនផ្ទុះឆេះ ពុំនោះទេ ច្បាស់ជាក្លាយជាសោកនាដកម្មធ្ងន់ធ្ងរជាមិនខាន ។


ក្រោយកើតហេតុ កម្លាំងនគរបាល បានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ យករថយន្តទាំង២គ្រឿងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ បន្ទាប់មក បានសំអាតប្រេងតាមផ្លូវ ដើម្បីគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត៕