ថ្ងៃ​ទី​០៩ វិច្ឆិកា ២០១៩ ជា​ថ្ងៃ​ដែល​លោក សម រ​ង្ស៊ី និង​សហការី កំណត់​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​តាម​ការ​សន្យា ស្រាប់តែ​មុន​ដល់​ថ្ងៃ​កំណត់​មក​វិញ មេ​បាតុករ​វ័យក្មេង​នៅ​ហុងកុង សរសេរ​លើ​បណ្តាញ​សង្គម គាំទ្រ​នូវ​ដំណើរ​មាតុភូមិនិវត្តន៍​នេះ​ផង​ដែរ ហើយ​ថែម​ទាំង​បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ឃ្លាំមើល​ព្រឹត្តិការណ៍​នេះ​ថែម​ទៀត​ផង ។

តាម​រយៈ​បណ្តាញ​សង្គម ធ្វី​ត​ធ័​រ (Twitter) កាលពី​ថ្ងៃ​ទី​៣១ ខែតុលា កន្លង​ទៅ​នេះ លោក ចូ​ស​ហ័​រ វ៉ុ​ង Joshua Wong មេដឹកនាំ​ក្រុម​បាតុករ​នៅ​ទីក្រុង​ហុងកុង បាន​សរសេរ​ដូច្នេះ​ថា ៖ «​លោក ហៃ វ​ណ្ណា នឹង​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​ជាមួយ​មេដឹកនាំ​របស់​គាត់ គឺ​លោក សម រ​ង្ស៊ី ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅ​កម្ពុជា ។ ដូច្នេះ​ហើយ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ធ្វើការ​ឃ្លាំមើល​ពី​ព្រឹត្តិការណ៍​នេះ​ផង​» ។ ជាមួយនឹង​ការ​អំពាវនាវ​យ៉ាងនេះ លោក​មេ​បាតុករ​វ័យក្មេង​រូប​នេះ ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រ​ង្ស៊ី ផង​ដែរ ដោយ​បញ្ជាក់​ពី​ជំហរ​ឈរ​ខាង​លោក សម រ​ង្ស៊ី ព្រោះ​លោក​ចាត់​ទុក​ថា ដំណើរ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី​នេះ គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ។

ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា​នេះ​ ​លោក​បាន​សរសេរ​​យ៉ាងដូច្នេះ​ថា ៖​ «​ខ្ញុំ​មាន​សេចក្តី​សោកស្ដាយ និង​ហួសចិត្ត ចំពោះ​ការ​លើក​ឡើង​របស់​មេ​បាតុករ​នៅ​ទីក្រុង​ហុងកុង លោក ចូ​ស​ហ័​រ វ៉ុ​ង (JOSHUA WONG) ដែល​តាំងខ្លួន​ជា​បងធំ​នយោបាយ​នៅ​ក្នុង​តំបន់ ។ ការ​លើក​ឡើង​នេះ គឺ​មិន​ត្រឹមតែ​បង្ហាញ​ការ​យល់​ដឹង មិន​ច្បាស់​ចំពោះ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ ថែម​ទាំង​ការ​ចំអកឡកឡឺយ ដ៏​ធ្ងន់ធ្ងរ​មួយ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​កម្ពុជា ។ សម រ​ង្ស៊ី មិនមែន​ជា​មេ​បាតុកម្ម​នោះ​ទេ ដែល​ខុស​គ្នា​ពី​លោក ចូ​ស​ហ័​រ វ៉ុ​ង (JOSHUA WONG) ដែល​ជា​មេ​បាតុករ​នៅ​ទីក្រុង​ហុងកុង ។ សម រ​ង្ស៊ី ជា​មេដឹកនាំ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើត​ចេញពី​ការ​បោះ​ឆ្នោត​សកល ដែល​មាន​គណបក្ស​ចូលរួម​ចំនួន២០ ។ សម រ​ង្ស៊ី ជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ ដែល​មាន​គម្រោង​ថវិកា រៀបចំ​កងកម្លាំងប្រដាប់អាវុធ​ក្នុង​កិច្ច​បម្រើ​សកម្មភាព​ក្បត់ជាតិ​របស់​ខ្លួន និង​បក្សពួក ។ សម រ​ង្ស៊ី រៀបចំ​សកម្មភាព​ញុះញុង យុវជន កម្មករ និង​ប្រជាពលរដ្ឋ ក្នុង​ចលនា​រដ្ឋប្រហារ និង​ភាព​រង​គ្រោះ​របស់​មហាជន​ជា​ចំណាប់ខ្មាំង ដើម្បី​ជោគជ័យ​ក្នុង​កិច្ច​រដ្ឋប្រហារ​របស់​ខ្លួន ។ ការ​ធ្វើ​វិទ្ធង្សនា និង​វិច្ឆេទកម្ម ក្នុង​វិស័យ​សង្គមកិច្ច និង​សេដ្ឋកិច្ច​ដែល​មិន​អាច​អត់ឱន​អោយ​បាន ។ សម រ​ង្ស៊ី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ជា​ច្រើន​ករណី និង​ជា​ឧក្រិដ្ឋជន ។ សម រ​ង្ស៊ី និង​បក្សពួក​ជា​ក្រុម​បំផ្លាញ ជាតិ សាសនា ព្រះមហាក្សត្រ និង​សន្តិភាព​កម្ពុជា​» ៕