អាមេរិក៖ នៅទីបំផុត សភាអាមេរិកបានសម្រេចចេញនូវជំហានដ៏សំខាន់ថ្មីជាប្រវត្តិសាស្រ្តមួយ គឺការអនុម័តឲ្យមានកិច្ចដំណើរនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីជាផ្លូវការតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។


លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក និងជាសមាជិកជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាធិបតេយ្យ ដែលកំពុងគ្រប់គ្រងសភា បានថ្លែងថា៖ «ថ្ងៃនេះ សភាបានបោះជំហានទៅមុខបន្ថែមទៀត ព្រោះយើងបានអនុញ្ញាតឲ្យអនុវត្តនីតិវិធី សម្រាប់ការបើកចំហរឿងក្តីនេះ… ហេតុដូច្នេះហើយ សាធារណជននឹងអាចមើលឃើញអំពីការពិតដោយខ្លួនពួកគេផ្ទាល់…។ គ្រប់យ៉ាងដែលយើងបានធ្វើទាំងអស់នេះ គឺគ្មានអ្វីក្រៅតែពីដើម្បីលទ្ធិប្រជាធិបតេយ្យរបស់យើងនោះទេ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ (ពេលវេលានៅវ៉ាស៊ីនតោន) សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក បានបោះឆ្នោតគាំទ្រដោយ១៩៦សំឡេង លើ២៣២ ដើម្បីអនុម័តឲ្យមានកិច្ចដំណើរនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីជាផ្លូវការ។


គណបក្សប្រជាធិបតេយ្យបានចោទប្រកាន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាបានស្នើឲ្យបរទេសលូកលាន់កិច្ចការបោះឆ្នោតអាមេរិក ដែលសមាជិកបក្សមួយចំនួនទៀតបានចោទថា «ជាទង្វើក្បត់ជាតិ»។ ដោយឡែកលោក ដូណាល់ ត្រាំ បានសរសេរបង្ហោះនៅលើ Twitter របស់លោកកន្លងមកនេះថា អ្វីដែលបក្សប្រជាធិបតេយ្យកំពុងធ្វើ គឺជាទង្វើព្រាយបិសាចដ៏សាហាវបំផុត ប្រចាំប្រវត្តិសាស្ត្រអាមេរិក៕