ខេត្តកណ្តាល ៖ ជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនក្រមុំគេបានសម្រេច ហើយរត់គេចខ្លួនចេញពីមូលដ្ឋានបាត់ស្រមោល ។ លុះ១០ឆ្នាំកន្លងមកទៅ ស្រាប់តែលេចមុខប្រុសព្រាននេះត្រឡប់មកផ្ទះវិញឲ្យក្រឡឺម ដោយស្មានថាបានរួចផុតពីទោសទណ្ឌ តែដឹងអី ! ត្រូវសមត្ថកិច្ចប្រទះឃើញ ក៏ចាប់ក្របួចជាប់ តាមដីកាតុលាការ នាំទៅចាត់ការតាមផ្លូវច្បាប់។


ករណីចាប់ខ្លួនជនល្មោភកាមចាប់រំលោភកូនក្រមុំគេនេះ ធ្វើឡើង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។
ជនជាប់ចោទដែលសមត្ថកិច្ច ធ្វើការចាប់ខ្លួននេះ មានឈ្មោះផល សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ។ ជនជាប់ចោទនេះ បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៩ នៅចំណុចភូមិលេខ៤ ឃុំស្វាយរំស្រុកស្អាង ខេត្តកណ្តាល ។


សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនចេញពីមូលឲដ្ឋានបាត់ស្រមោល ដោយតទៅរស់នៅប្រទេសថៃ អស់រយៈពេលជិត១០ឆ្នាំ ទើបតែត្រឡប់មកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង តាមដីកាលេខ ៥៧៤ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១០ របស់លោក ស៊ិន វិរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។
ជនជាប់ចោទត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តចាត់ ការតាមនីតិវិធី៕