ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរពាក់ព័ន្ធនៅខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ទៅកាន់កោះរ៉ុង ដើម្បីស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅទីនោះយ៉ាងអាថ៌កំបាំង។


មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុង បានឲ្យដឹងថា ការស្វែងរកស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅលើកោះរ៉ុង មានការចូលរួមពីកម្លាំងសមត្ថកិច្ច និងក្រុមអ្នកស្ម័គ្រចិត្តនៅតែធ្វើបន្ត តែមិនទាន់ទទួលបាននៅឡើយ បើគិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ និងនៅព្រឹកនេះដែរ ខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខ ហិតក្លិន មកកាន់កោះរ៉ុង ដើម្បីបន្តស្វែងរកនារីជនជាតិអង់គ្លេសនោះ។


សូមបញ្ជាក់ថា នារីជនជាតិអង់គ្លេសដែលបាត់ខ្លួននេះ ឈ្មោះAmelia Bambridge អាយុ២១ឆ្នាំ ។ នាងបានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង តាំងពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ក្រោយបញ្ចប់កម្មវិធីជប់លៀងក្នុងកន្លែងកំសាន្តមួយលើកោះរ៉ុង ៕