រាជធានីភ្នំពេញ ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាម និងបុរសម្នាក់រងរបួសធ្ងន់បាក់ជើង ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នៅត្រង់ចំណុចមុខមណ្ឌលសុខភាពក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។


ស្ត្រីជាអ្នករួមដំណើរស្លាប់ភ្លាមៗ និងបុរសជាអ្នកបើកបរបាក់ជើងឆ្វេង មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
មុនពេលកើតហេតុ គេបានឃើញបុរសស្ត្រី២នាក់ ទំនងជាប្តីប្រពន្ធនិងគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សង់ឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HY-7234 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិសដៅគ្នា) ក្នុងល្បឿនលឿន បានជ្រុលទៅបុកបញ្ឆិតម៉ូតូចំហៀងខាងឆ្វេង បណ្ដាលឲ្យស្រ្តីជាអ្នករួមដំណើរហោះផ្លោងប្លោងជិត២០ម៉ែត្រ រួចធ្លាក់បោកនឹងថ្នល់ស្លាប់ភ្លាមៗ ខណៈបុរសជាអ្នកបើកបរបាក់ជើងឆ្វេង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកធ្វើការវាស់វែង រួចយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរករថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួច យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែករកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕