រាជធានីភ្នំពេញ៖ នារីរូបស្រស់វ័យ ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារចាស់ ប៉ុន្តែមិនបានសម្រេច ដោយសារកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកឃាត់ទាន់ពេលវេលា ។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះឈ្មោះ អៀង វត្តី ភេទស្រី អាយុ១ ឆ្នាំ ស្នាក់នៅម្តុំគីឡូលេខ៦ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។


មុនពេលកើតហេតុ គេឃើញនារីខាងលើ ជិះម៉ូតូpass app កង់បីឥណ្ឌាមួយគ្រឿង ចេញមកពីខារ៉ាអូខេស្ពានមាស រួចក៏បើកឡើងស្ពានជ្រោយចង្វារចាស់ ក្នុងទិសដៅពីលិចទៅកើត. លុះមកដល់ពាក់កណ្តាលស្ពាន នាងឲ្យម៉ូតូ pass app កង់បីឥណ្ឌា នោះឈប់ ហើយចុះឈរយំបានមួយសន្ទុះ ក៏ប៉ុនប៉ងធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួនតែម្ដង ប៉ុន្តែត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ទាន់ពេលវេលា ហើយបាននាំមកគោលដៅរង្វង់មូលព្រហ្មមុខបួន ដើម្បីសួរនាំ។ តែជនរងគ្រោះ មិនបាននិយាយស្តីអីទេ គឺគិតតែយំរហូតសន្លប់ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ ជួយដឹកតាមម៉ូតូកង់បី pass app យកទៅមន្ទីរពេទ្យដែលនៅក្បែរនោះ ដើម្បីធ្វើការព្យាបាល ។


នារីរូបស្រស់វ័យ១៩ឆ្នាំដែលបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារចាស់ ប៉ុន្តែមិនបានសម្រេច បានរៀបរាប់ឲ្យដឹងថា នាងធ្លាប់មានសង្សារចំនួន២នាក់មកហើយ ដោយម្នាក់មុន បានបែកគ្នាអស់រយ:ពេល៣ឆ្នាំហើយ តែលើកក្រោយនេះ នៅមិនទាន់បែកគ្នានោះទេ ហើយមូលហេតុដែលនាងប៉ងលោតទឹកសម្លាប់ខ្លួន គឺមកពីឈ្លោះគ្នាជាមួយមេការ ដែលធ្វើការខារ៉ាអូខេស្ពានមាសផង គួបសមជាមួយសង្សារផងនោះ ក៏ជិះម៉ូតូកង់បីឥណ្ឌាទៅលើស្ពានជ្រោយចង្វារ គោលបំណងទូរស័ព្ទហៅឲ្យសង្សារមកជួបតែប៉ុណ្ណោះ ហើយពេលសមត្ថកិច្ចចាប់ឃាត់នាងនោះ ធ្វើឲ្យធ្លាក់ទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone 6 ភ្លើសមួយគ្រឿង ចូលទៅក្នុងទន្លេបាត់ទៅ។
ទីបំផុត សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ ក៏បានធ្វើការទំនាក់ទំនងហៅម្តាយនាង ឲ្យមកយកត្រឡប់ទៅផ្ទះវិញ៕