ខេត្តកណ្តាល៖ ស្ត្រីមួយក្រុមត្រូវបានព្រាយល្បែងចូលសណ្ឋិតពេញខ្លួន តែងជុំគ្នាលេងល្បែងស៊ីសង(បៀ) ជាប្រចាំមិនខ្លាចច្បាប់ទម្លាប់អ្វីឡើយ លុះពេលកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ ចុះទៅបង្ក្រាប បាននាំគ្នាលាត់សារុងរត់គេចខ្លួនអស់ បន្សល់ទុកតែសន្លឹកបៀ និងកម្រាលឲ្យប៉ូលិសដកហូតសម្រាប់ទុកធ្វើរបាយការណ៍ជូនថ្នាក់លើ។
ករណីប៉ូលិសចុះបង្រ្កាបវង់បៀប្រចាំភូមិ តែចាប់អ្នកលេងមិនបានម្នាក់នេះ បានធ្វើឡើង កាលពពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ ព្រែកតាបន់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។


សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការណែនាំពីលោកអធិការ ។ ពេលនោះ ជំនាញយុត្តិធម៌ស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះដល់ចំណុចផ្ទះឈ្មោះគង់ ស៊ីថេត ហៅក្រៅ ទូច ដែលជាគោលដៅលេងល្បែងស៊ីសង( បៀស៊ីគូថៃ ) ដែលមានអ្នកញៀនល្បែង ជាស្ត្រីចាស់ៗចំនួន៤ទៅ៥នាក់កំពុងលេងយ៉ាងសប្បាយ។


ប្រភពន្តថា ពេលកម្លាំងសមត្ថកិច្ចចូលដល់ក្រុមអ្នកលេង ទាំងនោះបាននាំគ្នារត់បាត់អស់ ដោយបន្សល់ទុក បៀនីឡុង ចំនួន៥២សន្លឹក និងកម្រាលភួយពណ៌ក្រហម០១ ហើយសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍កំពង់ស្វាយ ។
សូមបញ្ជាក់ថា ល្បែងស៊ីសងលេងបៀតាមផ្ទះនេះ មិនមែនតែកើតនៅក្នុងស្រុកកៀនស្វាយ នៅមូលដ្ឋានខាងលើទេ សូម្បីតែស្រុកស្អាង ក៏មិនណយដែរ ជាពិសេស នៅក្នុងឃុំសិត្បូរ ម្តុំកំពង់ចម្លងកំពង់ព្រីង តែម្តង ៕