រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ទៅ​លើ​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ថា ជា​ក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូល និង​គ្រប់គ្រង​សំរាម ដែល​ដល់​ពេល​ត្រូវ​រដ្ឋ​ដក​យក​មក​គ្រប់គ្រង​វិញ ។ ហើយ​បើកឱកាស​ដល់​ក្រុមហ៊ុន​ផ្សេង​ៗ ដែល​មាន​លទ្ធភាព និង​សមត្ថភាព​យ៉ាង​ហោច​ណាស់​ចំនួន​៤ ដើម្បី​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​ការងារ​ប្រមូល និង​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​អោយ​បាន​ល្អ ។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ចំនួន ៤,០៣៨​នាក់ ដែល​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសា​ន៍​ថា រាល់ថ្ងៃ ឮ​តែ​ពលរដ្ឋ​និយាយ​និង​រអ៊ូ តែ​ពី​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី គឺ​ក្រុមហ៊ុន​នេះ​គ្មាន​សមត្ថភាព​ធ្វើការ​តទៅ​ទៀត​ទេ ។ សម្តេច​តេ​ជោ បាន​ចុះហត្ថលេខា អោយ​ប្រើប្រាស់​ទីតាំង​ចំនួន​៣ នៅ​ក្រៅ​ក្រុង​ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ប្រមូល និង​គ្រប់គ្រង​សំរាម តែ​ក្រុមហ៊ុន​នេះ​មិន​ធ្វើ ។

សម្តេច​តេ​ជោ បាន​បន្ត​ថា តាម​ពិត​ក្រុមហ៊ុន​ស៊ី​ន​ទ្រី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​នៅ​អំឡុង​ឆ្នាំ​១៩៩៦ ឬ​១៩៩៧ ដែល​មក​ទល់​ពេល​នេះ គឺ​ជាង​២០​ឆ្នាំ​ហើយ ។ ពេល​នោះ ផ្ទៃដី​ទីក្រុង​ភ្នំពេញ​មាន​ទំហំ​តែ​៣០០​គម​ក្រឡា តែ​ពេល​នេះ ផ្ទៃដី​ក្រុង​បាន​កើនឡើង​រហូត​ដល់​៦០០​គម​ក្រឡា ដែល​បាន​ធ្វើ​អោយ​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី គ្មាន​សមត្ថភាព​ធ្វើ បាន​ទុក​សំរាម​គរ​ចោល ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន និង​អនាម័យ សោភ័ណ​ភាព​ទីក្រុង ។

សម្តេច​បាន​បញ្ជាក់​ច្បាស់​ថា រដ្ឋាភិបាល​នឹង​ដក​យក​ក្រុមហ៊ុន​នេះ មក​គ្រប់គ្រង​រួម​ទាំង​បុគ្គលិក ហើយនឹង​ទូទាត់​សង​ទៅ​ក្រុមហ៊ុន​នូវ​អ្វី​ទាំងឡាយ​ណា ដែល​ក្រុមហ៊ុន​បាន​ចំណាយ​លុយ​ទិញ​ដូច​ជា​ឡាន​ដឹក​សំរាម​ជាដើម គឺ​មិន​អោយ​ក្រុមហ៊ុន​ខាត​ទេ ។ ក្រោយ​ពី​ដក​យក​មក​គ្រប់គ្រង​ហើយ រាជរដ្ឋាភិបាល​នឹង​បើកឱកាស​ដល់​ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់​៤ រួម​ទាំង​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ខ្លួនឯង ក៏​មាន​សិទ្ធិ​ដាក់​ឯកសារ​ដេញថ្លៃ​ដែរ ។ ក្រុមហ៊ុន​មួយ មាន​សិទ្ធិ​ដេញថ្លៃ​តែ​មួយ​តំបន់​ទេ ។ រដ្ឋ​នឹង​កំណត់​បែងចែក​ជា ៤​តំបន់ អោយ​ក្រុមហ៊ុន​នីមួយ​ៗ គ្រប់គ្រង​ទៅ​តាម​តំបន់​របស់​ខ្លួន ។ ទន្ទឹម​នឹង​នេះ ក៏​ហាម​មិន​អោយ​បញ្ចូល​គ្នា​ជា​សម្ព័ន្ធ​បាន​ឡើយ ។ ក្រោយ​ពី​ការ​ប្រមូល​និង​គ្រប់គ្រង​សំរាម​បាន​ហើយ សម្តេច​តេ​ជោ​ក៏​មាន​គម្រោង​ដើម្បី​កែ​ច្នៃ​សំរាម​នេះ​អោយទៅ​ជា​អគ្គី​ស​នី សម្រាប់​យក​មក​ប្រើប្រាស់​ក្នុង​រាជធានី​ភ្នំពេញ ទោះបី​ត្រូវ​ចំណាយ​ខ្ពស់​បន្តិច​ក្តី គឺ​រាជរដ្ឋាភិបាល​សុខចិត្ត​ចូលរួម​ជាមួយ​ក្រុមហ៊ុនអគ្គីសនី​នេះ​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បញ្ជា​អោយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ចាប់​ធ្វើ​កិច្ចការ​នេះ អោយ​បាន​ឆាប់​បំផុត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​អោយ​កាន់តែ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ល្អ អនាម័យ​ខ្ពស់ និង​បរិស្ថាន​ល្អ ៕