ខេត្តតាកែវ៖ ករណីឃាតកម្មដ៏សាហាវ ដោយជនសង្ស័យបានយកកាំបិតកាប់ស្រ្តីមេម៉ាយកូន២ម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីនៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតម្ដុំខាងជើងភ្នំជីសូរ នៅក្នុងភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង សមត្ថកិច្ចដាក់ការសង្ស័យផ្តើមចេញពីជម្លោះស្នេហាត្រីកោណ។


ស្រ្តីរងគ្រោះដែលត្រូវឃាតករសម្លាប់នេះ ឈ្មោះហឿង សុខុន អាយុ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន២ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ មានឈ្មោះសែន ហាក់ឡី ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានជិះម៉ូតូទៅផ្សារទិញបន្លែមកលក់នៅក្នុងភូមិដូចសព្វដង តែមិនទាន់ជិះផុតភូមិផង ស្រាប់តែជនសង្ស័យយកកាំបិតលបកាប់ពីក្រោយត្រូវចំ.ក បណ្ដាលឲ្យរងរបួសដេកដួលក្នុងថ្លុកឈាម។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យជាឃាតករ បានស្រែកថា «ហ្នឹងហើយមីស្រីផិតក្បត់ » បន្ទាប់មក ជនដៃដល់ជិះម៉ូតូរត់ចេញទៅបាត់ស្រមោល។

ពេលនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ឃាតករ យកមកផ្តន្ទាទោស។
ព័ត៌មានលម្អិតយ៉ាងណាទៀត «KBN» នឹងងផ្សាយជូនបន្តពេលក្រោយ៕