ខេត្តតាកែវ ៖ គ្មាន​ទេ​ការ​បង្ក្រាប​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ចំពោះ​ជនជាតិ​វៀតណាម ដែល​ចូល​មក​នេសាទ​នៅ​ក្នុងស្រុក​បុរី​ជលសា និង​ស្រុក​អង្គរបុរី ខេត្តតាកែវ ព្រោះថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ គេ​រាយការណ៍​ថា បណ្តា​អ្នកនេសាទ​ជនជាតិ​វៀតណាម​កាន់តែ​ច្រើន​ បាន​សម្រុកចូល​មក​នេសាទ​ក្នុង​ទឹកដី​ខ្មែរ ដោយ​បាន​បង់ប្រាក់​ទៅ​តាម​ទំហំ នៃ​បទល្មើស​ជលផល​ ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជា​ច្រើន ។

បើ​តាម​សារព័ត៌មាន​ក្នុងស្រុកបាន​ផ្សាយ​ថា ទូក​ជនជាតិ​វៀតណាម​រាប់​សិប​គ្រឿង​ចូល​មក​នេសាទ​ក្នុង​ទឹកដី​ខ្មែរ​នេះ ត្រូវ​បាន​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម បាន​ប្រាប់​ថា ពួក​គេ បាន​បង់លុយ​ឲ្យ​អ្នក​រត់ការ​ឈ្មោះ កេ ជា​ជនជាតិ​វៀតណាម​ដូច​គ្នា តាម​តម្លៃ​ខុស​ៗ​គ្នា ។ បើ​តាម​ការ​រៀបរាប់ តម្លៃ​ដែល​ត្រូវ​បង់រួម​មាន ៖

-​ទូក​នេសាទ​ដាក់​លប​ក្តាម​បង់លុយ ៧​លាន​ដុ​ង (​ស្មើនឹង​ប្រាក់​សហរដ្ឋអាមេរិក ជាង​៣០០​ដុល្លារ​) ។
-​ទូក​ដាក់​លប​ប្រើស​មួយ​រយ ហៅ​លប​នរក ឬ​លប​ពោះវៀន​ជ្រូក បង់១១​លាន​ដុ​ង ។
-​ទូក​ដាក់​បង្កង​បង់ ១២​លាន​ដុ​ង ។
-​ទូក​ដា​ក់ឡុក​សៃយ៉ឺន​ស្បៃ​មុង​ខ្នាត​តូច​បង់ ១៣​លាន​ដុ​ង
-​ទូក​ដា​ក់ឡុក​សំណាញ់​ក្រឡា​ញឹក និង​សៃយ៉ឺន​ស្បៃ​មុង​ខ្នាត​យក្ស​បង់ ១៥​លាន​ដុ​ង​ក្នុង​មួយ​រដូវ ។
-​របាំង​ធ្នួ​ស​សៃយ៉ឺន​ស្បៃ​មុង​ខ្នាត​យក្ស ក្នុង​មួយ​ខ្សែ​ៗ​តាម​វែង​ខ្លី​ត្រូវ​បង់លុយ​ឲ្យ​ទៅ​ឈ្មោះ កេ ជា​ជនជាតិ​វៀតណាម​ដែល​ជា​អ្នក​រត់ការ ក្នុង​មួយ​ខ្សែ​ចាប់ពី ១​ម៉ឺន​ដុល្លារ ទៅ ២​ម៉ឺន​ដុល្លារ ។

ទោះជា​យ៉ាងនេះ​ក្តី សេចក្តីរាយការណ៍​មិន​បាន​បញ្ជាក់​ថា លុយ​ដែល​បង់​ឲ្យ​ឈ្មោះ កេ ដែល​ជា​អ្នក​រត់ការ​នោះ ត្រូវ​បាន​យក​ទៅ​ចែកចាយ​បង់​បន្ត​ឲ្យ​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​បាន​បញ្ជាក់​ថា ករណី​បែប​នេះ គឺ​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

យ៉ាងណា បទល្មើស​នេសាទខុសច្បាប់ ចូល​មក​ដោយ​បង់លុយ​ទាំងនេះ ភ្នាក់ងារ​ព័ត៌មាន​យើង​នៅ​មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃនេះ ។

សូម​រម្លឹក​ថា បទល្មើស​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ដែនទឹក​ស្រុក​បុរី​ជលសា និង​ស្រុក​អង្គរបុរី មាន​ជនជាតិ​វៀតណាម​កាន់តែ​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ចូល​មក​ធ្វើ​សកម្មភាព​នេសាទ​ជា​ចំហរ ។ ពួក​គេ​ចូល​ម​កតាមទូក​ពេល​ព្រឹក និង​ត្រឡប់​ទៅ​វិញ​ពេល​ល្ងាច ។ បណ្តា​អ្នកនេសាទ​វៀតណាម​ទាំងនោះ​មាន​ប័ណ្ណ ចេញចូល ដែល​អនុញ្ញាត​ដោយ​សមត្ថកិច្ច ។ ប័ណ្ណ​មួយ​សន្លឹក ត្រូវ​បាន​គេ​ចេញ​ឲ្យ ជា​សម្គាល់​សម្រាប់​ជនជាតិ​វៀតណាម​ក្នុង​ការ​ចូល​មក​នេសាទ ក្នុង​ដែនដី​ខ្មែរ ។ ក្រៅពី​ការ​ចូល​មក​ពេល​ព្រឹក ចេញ​ពេល​ល្ងាច ក៏​មាន​បណ្តាជន​វៀតណាម​ចូល​មក​ស្នាក់​នៅ​ជា​ប្រចាំ ដើម្បី​នេសាទ​ដែល​មាន​ទ្រង់ទ្រាយ​ធំ ដូច​ជា​ការ​ដាក់​ដាយ អួន​សៃយ៉ឺន និង​របាំង​ព្រួល​ជាដើម ។ បើ​ទោះបី​មានការ​តវ៉ា​ពី​ប្រជា​នេសាទ​ខ្មែរ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ ពិសេស​មន្ត្រី​ជំនាញ​មាន​វិធានការ​ទប់ស្កាត់​យ៉ាងណា​ក៏​ដោយ តែ​គ្មាន​ប្រសិទ្ធភាព​ដែរ ។ ផ្ទុយ​ទៅ​វិញ បើ​ប្រជា​នេសាទ​ខ្មែរ នៅ​ក្នុងស្រុក​អង្គរបុរី ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូច​ជា សៃយ៉ឺន​ស្បៃ​មុង សំណាញ់​សាច់​អួន​ក្រឡា​ញឹក​ខ្នាត​តូច មិន​បាន​ទេ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​កាប់​ប្រមូល​ដុត​ចោល​ភ្លាម​ៗ មិន​ខាន ប៉ុន្តែ​ជនជាតិ​វៀតណាម​រាប់​សិប​ទូក ឆ្លង​ចូល​មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​សៃយ៉ឺន​ស្បៃ​មុង និង​សំណាញ់​សាច់​អួន​ក្រឡា​ញឹក​ខ្នាត​យក្ស ដែល​មាន​របាំង​ធ្នួ​ស​ជា​ច្រើន​ខ្សែ ក្នុង​មួយ​ខ្សែ មាន​ប្រវែង​រាប់​ពាន់​ម៉ែត្រ ដែល​ជនជាតិ​វៀតណាម រាយ​ដាក់​នៅ​ក្នុង​បឹង​ចាប់​ទឹកដី ឃុំ​គោក​ធ្លក ស្រុក​អង្គរបុរី រហូត​ទៅ​ដល់​ស្រុក​បុរី​ជលសា​នោះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ហាក់​ធ្វើ​មិនដឹង ហាក់​មើល​រំលង និង​បណ្តោយ​ឲ្យ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំទៅ​វិញ ៕