រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលដោយមានករណីបុរសជនជាតិចិនម្នាក់កំពុងដើរសុខៗ ស្រាប់តែដាច់ខ្យល់ដេកស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅលើចិញ្ចើមផ្លូវសហព័ន្ធរុស្សី មុខព្រះវិហារធៀន អិន មី ឡឹ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សពឈ្មោះ OU HROLAI ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅអូតែលរូសហារឌីអ៊ីនធើណេស៊ិនណល ផ្លូវ១០៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។


តាមប្រភពអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសជនជាតិចិនខាងលើ មានអាយុប្រហែលជា៥០ឆ្នាំ បានដើរចុះឡើងតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដាក់គូទអង្គុយចុះមួយសន្ទុះ ស្រាប់ដាច់ផ្ងារទៅក្រោយដោយមានសភាពត្រដាងដៃជើង ដាច់ខ្យល់ស្លាប់តែម្តង ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការត្រួតពិនិត្យ និងយកខ្សែមកហ៊ុព័ទ្ធទីតាំងកើតហេតុ រួចបានរាយការណ៍បន្តទៅខាងជំនាញកោសល្យវិច័យ ដើម្បីឲ្យមកត្រួតពិនិត្យបន្តតាមនិតីវិធី ។
តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា សពស្លាប់ដោយជំងឺគាំងបេះដូង និងបានដឹកយកទៅរក្សាទុកនៅសាលសពវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕