ខេត្តកណ្តាល ៖ អ្នកញៀនល្បែងស៊ីសង១ក្រុម ខណៈកំពុងឆ្ងាញ់ចំតិតគូទអ៊ុតអាប៉ោង ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាបល្មម ដោយក្របួចបានមនុស្សប្រុសស្រីចំនួន៧នាក់ និងដកហូតបានវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងមួយចំនួនផងដែរ ។ ករណីបង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើង កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ អ៊ុយ ហាន ភេទស្រី ស្ថិតក្នុងភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។


ក្រុមអ្នកញៀនអាប៉ោងដែលសមត្ថកិច្ចចាប់ខ្លួន ទី១-ឈ្មោះអ៊ុយ ហាន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ទី២-ឈ្មោះហៀង ហៃ ភេទប្រុស អាយុ៥៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ទី៣-ឈ្មោះ វ័រ ឌឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ទី៤-ឈ្មោះហេង អេង ហៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ទី៥-ឈ្មោះអុក សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ទី៦-ឈ្មោះហៃ ហ៊ីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ និងទី៧-ឈ្មោះ អ៊ុយ គោ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។


សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ដកហូត ចានអាប៉ោង ០១, គម្របចាន ០១ , មេអាប៉ោងចំនួន០៣គ្រាប់ , កំរាលបេ មានលេខចំនួន ០១ , ម៉ូតូចំនួន០៣គ្រឿង ( ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១AE-៦៨៤១ , ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១V-៥៦៦៥ , ម៉ាក ZooMER -X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១GN-២០៧៤ ។


សមត្ថកិច្ចបញ្ជាក់ថា មុនពេលចាប់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចជំនាញថា៖មានមនុស្សកំពុង នាំគ្នាលេងល្បែងស៊ីសង (អាប៉ោង) នៅចំណុចផ្ទះកើតហេតុខាងលើ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកំពង់អុស ចុះបង្ក្រាបតែម្តង និងនាំមកអ្នកញៀនល្បែងទាំងនោះ មកធ្វើកិច្ចសន្យាអប់រំណែនាំនៅត្រឹមថ្នាក់អធិការដ្ឋាននគរបាលស្រុកពញាឮ រួចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ៕