ខេត្តកណ្តាល៖ យុវជនម្នាក់ បានទៅព័ទ្ធវង់ផឹកស្រាជាមួយបនភឿនឡើងស្រវឹងដាប ពេលត្រឡប់មកដល់ផ្ទះ ស្រាប់តែពុលកំហឹងស្រែកជេរស្រ្តីជាម្តាយដូចសត្វធាតុ គ្មានបណ្តាក់មាត់ ហើយមិនអស់កំហឹងបានយកចបកាប់ទៅវាយបំបែកកញ្ចក់បង្អួច និងទ្វារផ្ទះបងប្រុស ។ ករណីហិង្សានេះ បានកើតឡើង នៅវេលាម៉ោង២៣ និង៤០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ភូមិអង្គឃ្វាន ឃុំសំរោងលើ ស្រុកអង្គស្នួល ។


យុវជនទំនើងនេះ មានឈ្មោះរ៉េត លី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែក ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះរ៉េត រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិ-ឃុំកើតហេតុ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផឹកស្រាជាមួយបនភឿន ឡើងស្រវឹងជោកជាំ លុះពេលមកដល់ផ្ទះស្រែកជេរសម្លុតម្តាយដូចសត្វធាតុ។ ពេលនោះស្រ្តីជាម្តាយភ័យខ្លាចកូនប្រុសទំនើងនេះ ប្រើអំពើហិង្សាដាក់ក៏បានរត់ចោលផ្ទះបាត់។ ពេលនោះ ជនទំនើងរូបនោះ និងមិនស្រណុកមកផ្ទះជនរងគ្រោះស្រែកជេរប្រមាថជនរងគ្រោះ ហើយពេលនោះ ជនរងគ្រោះចេញមកប្រាប់ថា « ស្រែកខ្លាំងៗចឹងភ្ញាក់កូនខ្ញុំកំពុងដេក» ទើបបង្កឲ្យមានការទាក់សម្តីពាក្យគ្នាទៅវិញទៅមក ហើយជនសង្ស័យដើរទៅយកចបកាប់ មកវាយកញ្ចក់ទ្វារ និងកញ្ចក់បង្អួច បណ្តាលឲ្យបែកតែម្តង ។


ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះបានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ហើយពេលនោះ កម្លាំងសមត្ថកិច្ចជំនាញចុះទៅធ្វើការស្រាវជ្រាវបន្ថែម ឈានដល់ការចាប់ខ្លួនជនសង្ស័យនាំមកអធិការដ្ឋាននគរបាលស្រុកអង្គឈ្នួល ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕