ខេត្តកំពង់ចាម៖ ស្ត្រីចំណាស់ម្នាក់ បានផឹកស្រាឡើងស្រវឹងជោកជាំ ហើយពេលត្រឡប់មកដល់ផ្ទះវិញ បានរករឿងឈ្លោះជាមួយប្តី ហើយបានយកកាំបិតផ្គាក់ទៅអារ.កប្តីដែលកំពុងមានជំងឺ ធ្វើឲ្យបុរសជាប្តីខំប្រឹងប្រតាយប្រតប រហូតដណ្តើមបានកាំបិតវិញ ក៏កាប់ប្រហារលើស្រ្តីជាប្រពន្ធវិញ បណ្តាលឲ្យដាច់បំពង់ខ្យល់ប្រកាច់ស្លាប់មួយរំពេចក្នុងថ្លុកឈាមយ៉ាងរន្ធត់។


ករណីមនុស្សឃាតប្តីប្រពន្ធវ័យចំណាស់ ខ្វះការគិតវែងឆា្ងយយកកាំបិតផ្គាក់កាប់សម្លាប់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។
ស្រ្តីរងគ្រោះដែលយកកាំបិតទៅអារ.កប្តី ហើយចុងក្រោយត្រូវប្តីចាប់អារ.កវិញស្លាប់នេះ មានឈ្មោះ បូ នី អាយុ៦១ឆ្នាំ ។ ចំណែក បុរសជាប្តីឈ្មោះ អុជ ផន អាយុ៥៧ឆ្នាំ រស់នៅក្នុងមូលដ្ឋានកើតហេតុជាមួយគ្នា។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅទិញទឹកកក ហើយឆ្លៀតទៅផឹកស្រារហូតស្រវឹងជោកជាំ លុះពេលត្រឡប់មកផ្ទះវិញ បានឈ្លោះប្រកែកគ្នាជាមួយប្តី រួចស្ទុះទៅយកកាំបិតផ្គាក់មកអា.កប្តី ដែលកំពុងមានជំងឺប្រចាំកាយ បណ្តាលឲ្យរងរបួស។ ពេលនោះ បុរសជាប្តីស្រវាដណ្តើមបានកាំបិតផ្គាក់វិញ ក៏ជ្រុលដៃកាប់ប្រពន្ធវិញ ចំបំពង់ខ្យល់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តីនាំមកចាត់ការតាមច្បាប់ ។ ចំណែក សពស្រ្តីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕