ខេត្តកណ្តាល៖ ក្រោយស្រីស្នេហ៍ឈ្មោះ ស៊ាង ស្រីល័ក្ខ បានចុះផ្សាយចោទថា មន្រ្តីនគរបាលម្នាក់ជាប្រុសស្នេហ៍ បានវាយនាងរហូតធ្វើឲ្យរលូតកូនមក លោកស័ក្កិ៣ ជិន ជឿន ជាមន្រ្តីនគរបាលនៅស្នងការដ្ឋានខេត្តកណ្តាល រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានចេញមុខបំភ្លឺជុំវិញបណ្តឹងចោទប្រកាន់របស់ស្រីស្នេហ៍ (រស់នៅជាមួយគ្នាតែមិន ទាន់រៀបការ)នោះថាលោក និងស៊ាង ស្រីល័ក្ខ នោះ បានស្គាល់គ្នា កាលពីចុងឆ្នាំ២០១៨ តាមរយៈហ្វេសប៊ុក រហូតរស់នៅជាមួយគ្នា បើទោះបីដឹងថា នាងបានកុហកថា មានផ្ទះនៅផ្សារអូរឬស្សី តែតាមការពិត នាងគ្រាន់តែជួយមើលការងារថ្លៃទឹក ថ្លៃភ្លើងឲ្យម្ចាស់ផ្ទះក៍ដោយ ក៍លោកបានយកនាងមករស់នៅផ្ទះរបស់លោក និងខំរកលុយដើម្បីរៀបការ ។

ក្រោយមក លោកស៊ើបដឹងថា ក្រុមគ្រួសារនាងមានជីវភាពគ្រាន់បើដែរ។ តែក្រោយមកស្នាក់នៅផ្ទះរបស់លោកបានមួយរយៈ ចេះតែមានរឿងរកាំរកូសគ្នារហូត ដោយសារតែនាងចេះតែដើរផឹកស៊ីស្រវឹង យប់ជ្រៅ ទើបត្រឡប់មកផ្ទះវិញ ហើយមកដល់ផ្ទះនាងរករឿង ជេរប្រមាថ រកបាញ់គាត់ និងគំរាមសម្លាប់គាត់ចោល រហូតយកដែកមកឆូតមុខលោក បង្កឲ្យមានរបួសស្នាម និងតែងតែយកកាំបិតមកកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ទៀតផង។

លោកស័ក្កិ៣ ជិន ជឿន បាននប្តទៀតថា នៅថ្ងៃកើតហេតុ ចន្លោះម៉ោង ៧ទៅ ៨យប់ ស្នេហ៍ឈ្មោះ ស៊ាង ស្រីល័ក្ខ បានប្រាប់លោកថា នាងដួលនៅក្នុងបន្ទប់ទឹក លុះពេលគាត់ត្រឡប់មកដល់ផ្ទះវិញ គាត់ក៏បានជូននាងទៅ មន្ទីរពេទ្យសម្ភពក្រុង (ពេទ្យសម្តេចឪ) រហូតដល់ម៉ោង ១២យប់ ទើបត្រឡប់មកផ្ទះវិញ។ ក្រោយពេលដែលនាងបានចេញពីមន្ទីរពេទ្យបាន៣ថ្ងៃ នាងបានចេញទៅផឹកស៊ីជាមួយមិត្តិភក្តិ។ បន្ទាប់ពីផឹកស៊ីស្រវឹងរួចហើយ នាងបានធ្វើដំណើរត្រឡប់មកវិញជាមួយមនុស្សស្រីម្នាក់ផ្សេងទៀត ទៅរកលោកនៅកន្លែងរត់ឡាននៅសណ្ឋាគារភ្នំពេញ ហើយពេលនោះ នាងមិនបានសួរនាំលោកអ្វីទាំងអស់ គឺនាងបានវាយមុខរបស់លោកជាច្រើនដៃ ហើយក៏ចាប់ក្របួចកអាវ និងយកទូរស័ព្ទរបស់គាត់បោកទៀត។ នៅពេលនោះ លោកបានបើកឡានចេញពីទីនោះ កុំឲ្យមានរឿងនៅកន្លែងរកស៊ីប្រចាំថ្ងៃ។
លោកស័ក្កិ៣ ជិន ជឿន បានបន្តថា លុះរំលងបាន៣ ទៅ៤ថ្ងៃក្រោយមក ទើបលោកបានទទួលព័ត៌មានថា ស្រីស្នេហ៍នេះបានប្តឹងថាលោកបានវាយនាងរហូតរលូតកូនទៅវិញ។


ដោយឡែក អ្នកស្រី យ៉ាន់ ណែវ អាយុ៧១ឆ្នាំ ជាម្តាយបង្កើតរបស់លោកស័ក្កិ៣ ជិន ជឿន បានបដិសេធថា តាមពិតទៅករណីនេះ មិនមែនបណ្តាលមកពីការវាយធ្វើបាបនោះឡើយ ពោលនាង ស៊ាង ស្រីល័ក្ខ បានដួលខ្លួនឯងនៅក្នុងបន្ទប់ទឹកទេ ហើយកូនគាត់(លោកស័ក្កិ៣ ជិន ជឿន) ក៏បានដឹកនាងទៅកាន់មន្ទីរពេទ្យទៀតផង។
អ្នកស្រី យ៉ាន់ ណែវ ជាម្តាយបង្កើតរបស់លោកស័ក្កិ៣ ជិន ជឿន បានបន្ថែមថា នាង ស៊ាង ស្រីល័ក្ខ នេះ ជាមនុស្សរឹងរូសណាស់មិនស្តាប់បង្គាប់អ្នកណាទេ ហើយនាងដើរលេងស្ទើររាល់យប់ ជួនកាលរហូតម៉ោង១២យប់ ឬទល់ភ្លឺបានចូលផ្ទះ ក៏មានដែរ ហើយគាត់បានទាំងណែនាំថា ឲ្យចេះថ្មមខ្លួន ព្រោះមានផ្ទៃពោះហើយ ក៏នាងមិនស្តាប់ដែរ។
លោក ជិន ជឿន បានបញ្ជាក់ទៀតថា នាង ស៊ាង ស្រីល័ក្ខ នេះ ធ្លាប់មានប្តី និងមានកូនម្នាក់ តែបានលែងលះគ្នា ហើយមានសង្សាម្នាក់ទៀតធ្វើការនៅសណ្ឋាគារភ្នំពេញ តែបានបែកបាក់គ្នា ព្រមទាំងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀតនៅខេត្តតាកែវ។

លោកបានបន្ថែមទៀតថា នៅប៉ុន្មានថ្ងៃនេះខ្ញុំបានឃើញសារព័ត៌មានចុះផ្សាយថា រូបលោកប៉ុនប៉ងធ្វើមនុស្សឃាត និងវាយដំនាងរហូតធ្លាក់កូន ។ បញ្ហានេះលោកមិនអាចទទួលយកបានទេ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នំា២០១៩ នារីម្នាក់ឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានដាក់ពាក្យបណ្តឹងទៅលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សុំឲ្យជួយរកយុត្តិធម៌ «ករណីប្តីមិនទាន់រៀបការឈ្មោះ ជិន ជឿន ជាមន្រ្តីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីបទមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោស »។


ក្នុងតាមពាក្យបណ្តឹងនោះ នារីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី យប់ ឈ្មោះ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ ដោយមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលើនារីរងគ្រោះបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ ហើយស្នើសុំលោកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ។


ករណីខាងលើនេះ kbn មិនទាន់ដឹងថា តើពាក្យបណ្តឹងចោទប្រកាន់របស់នារីរងគ្រោះឈ្មោះ ស៊ាង ស្រីល័ក្ខ និងការបកស្រាយបំភ្លឺរបស់លោកស័ក្កិ៣ ជិន ជឿន ជាមន្រ្តីនគរបាលនៅស្នងការដ្ឋានខេត្តកណ្តាល នោះ ណាមួយជាការពិត ឬយ៉ាងណានោះទេ ៕