ខេត្តពោធិ៍សាត់ ៖ បុរស២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នាធ្វើដំណើរមិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្ត១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ ដេកឲ្យរដូករណែល នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសមិនស្គាល់ឈ្មោះ២នាក់ជិះម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1T-0739 បើកឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅស្របគ្នា ខណ:មកដល់ចំណុចមុខហាងសែន បានឡើងជែងរត់ពីមុខរថយន្ត ១គ្រឿង តែមិនផុត ក៏ត្រូវរថយន្តបុក បណ្តាលឲ្យដួលទៅលើថ្នល់ស្លាប់ភ្លាមៗតែម្តង។ ចំណែក រថយន្តបង្កមិនឈប់ទទួលខុសត្រូវទេ ដោយបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការវាស់វែង រួចទាក់ទងហៅរថយន្តសង្គ្រោះដឹកយកមកតម្កល់ទុកនៅក្នុងមន្ទីរពេទ្យខេត្ត ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក ម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីស្វែងរករថយន្តបង្ក ចាប់ខ្លួនទាំងម្ចាស់យកមកធ្វើការដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះតាមផ្លូវច្បាប់៕