ខេត្តពោធិ៍សាត់៖ យុវជន២នាក់ បានបើកម៉ូតូ១គ្រឿងឌុបគ្នាបោះពួយយ៉ាងលឿន ស្រាប់តែពេលនោះមានសត្វគោ១ក្បាល បានដើរឆ្លងផ្លូវ ធ្វើឲ្យអ្នកបើកម៉ូតូជាន់ហ្វ្រាំងឈប់មិនទាន់ គេចមិនផុត ក៏ជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឲ្យសត្វគោងាប់ភ្លាមៗ រីឯមនុស្សបានដួលម៉ូតូបោកជាមួយថ្នល់ រងរបួសធ្ងន់ស្រាល ។
ករណីមនុស្សបើកម៉ូតូបុកសត្វគោងាប់នេះ បានឡើង កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ចំណុចចន្លោះគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ។
ជនរងគ្រោះដែលបើកម៉ូតូបុកសត្វគោងាប់ ខ្លួនឯងរបួសនេះ មានឈ្មោះឡុង ស៊ីថន ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ជាអ្នកបើកបរម៉ូតូ និងអ្នករួមជាមួយ ឈ្មោះកាន់ ចាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២ បានបើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វគោមួយក្បាលអាយុប្រមាណជា ១៨ខែ ដើរផ្លូវលឿនស្លេវធ្វើឲ្យអ្នកបើកម៉ូតូគេចមិនទាន់ ក៏បុកយ៉ាងពេញទំហឹង បណ្តាលឲ្យសត្វគោងាប់ភ្លាមៗតែម្តង ចំណែក ភាគីអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ យកម៉ូតូ និងខ្មោគោ១ មកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីស្វែងរកម្ចាស់របស់គោ មកធ្វើការដោះស្រាយជាមួយជនរងគ្រោះតាមផ្លូវច្បាប់៕