រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តធុនធំដឹកប្រេងឆាពេញ ឆ្លងផ្លូវដែកពេលយប់ លឿនពេក ទៅបុករថភ្លើងពេញមួយទំហឹង បណ្ដាលឲ្យខ្លួនឯង និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ពីរនាក់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវលាយស ដឹកប្រេងឆាពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។លុះជិតមកដល់ចំណុចកើតហេតុ រថភ្លើងបានស៊ីផ្លេជាច្រើនដងដើម្បីជាសញ្ញាប្រាប់ថាឆ្លងកាត់ចំណុចកើតហេតុ តែមិនបានទម្លាក់បារ៉ាស់ហាមឃាត់ទេ ស្របពេលរថយន្តបើកលឿនផង ហើយប្រហែលមិនឮស៊ីផ្លេផង ក៏បុករថភ្លើងពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតរថយន្តថយក្រោយជ្រុលបុកគូទរថយន្តពីរគ្រឿងដែលកំពុងចតក្នុងផ្ទះ រងការខូចខាតយ៉ាងដំណំ។


ចំណែកឯអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ជាប់ជើងក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយយកចេញ ដើម្បីដាក់លើរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕