ប្រទេសថៃ៖ កាលពីថ្ងៃទី១៧ ម្សិលមិញនេះ ទូរទស្សន៍ក្នុងស្រុករបស់ថៃបានចុះផ្សាយថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅបន្ទប់ជួលមួយកន្លែង ក្នុងទីរួមខេត្តឈុនបុរី ដោយមានជនជាតិខ្មែរម្នាក់ បានចោះជញ្ជាំងបន្ទប់ស្ត្រីម្នាក់ឈ្មោះ អារីយ៉ា ដែលមានអាយុ១៩ឆ្នាំ ដែលស្នាក់នៅជាប់គ្នា ។

នារីរងគ្រោះបានរៀបរាប់ថា ខណៈពេលដែលនាងកំពុងតែដេក មានអ្នករស់នៅក្បែរបន្ទប់ បានចោះជញ្ជាំងបន្ទប់នាង ដើម្បីលួចមើលនាង ពេលនាងមើលទៅក្រៅ ស្រាប់តែបានឃើញបុរសម្នាក់កំពុងតែលួចមើលនាង ទើបនាងសម្រេចចិត្តទូរស័ព្ទទៅប្តឹងប៉ូលិស ។

បន្ទាប់មកប៉ូលិសបានមកត្រួតពិនិត្យបន្ទប់ជាប់គ្នានោះ បានប្រទះឃើញបុរសជនជាតិខ្មែរម្នាក់ មានឈ្មោះថា ឆារ នៀន អាយុ២៦ឆ្នាំ ក៏បានឃាត់សួរនាំ ហើយបុរសនោះបានសារភាពថា គាត់ពិតជាបានធ្វើរឿងនេះពិតប្រាកដមែន ។

បុរសជនជាតិខ្មែរសារភាពទៀតថា មូលហេតុដែលធ្វើឲ្យគាត់ធ្វើសកម្មភាពនេះ ព្រោះតែគាត់ចូលចិត្ត និងលួចស្រលាញ់នារីរងគ្រោះជាយូរណាស់មកហើយ ម្យ៉ាងវិញទៀតគាត់មានអារម្មណ៍ផ្លូវភេទខ្លាំងពេក ទ្រាំមិនបានក៏បានចោះជញ្ជាំងលួចមើលនាងគេងតែម្តងទៅ ។

ទៅជាយ៉ាងណា ប៉ូលិសបានធ្វើការស្រាវជ្រាវត្រួតពិនបិត្យបន្ថែមឲ្យបានល្អិតល្អន់ មុនពេលធ្វើការចោទប្រកាន់លើបុរសជនជាតិខ្មែរខាងលើ ព្រោះករណីនេះ បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ ហើយបុរសខាងលើអាចរួចខ្លួនបាន ប្រសិនបើនារីរងគ្រោះមិនដាក់ពាក្យបណ្តឹង ៕