រាជធានីភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងបរិភោគ និងថវិកាចំនួន១០លានរៀល ដល់យុវជនរងគ្រោះ អ៊ុត បញ្ញា អាយុ១៨ឆ្នាំ ដែលត្រូវកាត់ដៃទាំងសងខាង និង៧នាក់ផ្សេងទៀត ដែលបានរងគ្រោះដោយខ្សែភ្លើងឆក់ធ្ងន់ធ្ងរជាមួយគ្នា កំពុងសម្រាកនៅក្នុងបន្ទប់តែមួយនៃមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ត្រីខ ១០កំប៉ុង ទឹកដោះគោខាប់ ១០កំប៉ុង ស្ករស ២គីឡូក្រាម និងថវិកា៥លានរៀល។


ជនរងគ្រោះដោយឆក់ខ្សែភ្លើង ៧នាក់ផ្សេងទៀតនោះ រួមមាន៖
១.ឈ្មោះ៖ ឡឹម ពន្លក អាយុ ៣៧ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ (កាត់ដៃទាំងសងខាង)
២.ឈ្មោះ សេក ស៊ីមាឌ អាយុ ៤៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ (ធ្ងន់ធ្ងរ)
៣.ឈ្មោះ មាន ថា អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពត (កាត់ដៃម្ខាង)
៤.ឈ្មោះ ផល ភា អាយុ ៣៧ឆ្នាំ រស់នៅខេត្តព្រៃវែង (ធ្ងន់ធ្ងរ)
៥.ឈ្មោះ ឡេង ចាន់ណារិទ្ធ អាយុ ២៦ឆ្នាំ រស់នៅខេត្តតាកែវ (កាត់ដៃម្ខាង)
៦.ឈ្មោះ ហាក់ វីរៈ អាយុ ២៦ឆ្នាំ រស់នៅខេត្តព្រៃវែង (ធ្ងន់ធ្ងរ)
៧.ឈ្មោះ រុំ រី អាយុ ២៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ (កាត់ដៃម្ខាង)
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើនូវការណែនាំដល់ក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីសុវត្ថិភាពក្នុងពេលបំពេញការងារគ្រប់ពេលវេលាជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។ ទន្ទឹមនឹងនេះដែរ សូមប្រជាពលរដ្ឋទាំងអស់ មុននឹងទៅប្រកបការងារអ្វីមួយ ត្រូវឆ្លងកាត់វគ្គសិក្សារៀនសូត្រ ឬវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញនានា ដែលបង្ហាញពីសុវត្ថិភាពក្នុងពេលបំពេញការងារឱ្យបានត្រឹមត្រូវ។


ជនរងគ្រោះ អ៊ុត បញ្ញា អាយុ បានថ្លែងទាំងរំជួលចិត្តថា នៅពេលដែលពួកខ្ញុំជួបនឹងទុក្ខលំបាកភ្លាម អ្នកម្តាយមនុស្សធម៌ បានមកជួយសម្រាលក្តីលំបាកភ្លាម ដោយមិនទុក្ខកូនៗចោលនោះឡើយ កូនៗពិតជាសប្បាយចិត្តខ្លាំងណាស់ និងសូមអរគុណអ្នកម្តាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងជ្រាលជ្រៅបំផុត។
ឆ្លៀតក្នុងឱកាសនោះ គ្រួសាររងគ្រោះទាំងអស់ ក៏បានសម្តែងនូវការដឹងគុណជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់ក្រុមប្រជាពលរដ្ឋរងគ្រោះទាំងអស់ប្រកបដោយក្តីមេត្តា ករុណា អាណិត ស្រឡាញ់ ដោយគ្មានការរើសអើងអ្វីឡើយ៕