បាងកក៖ ក្នុងកិច្ចប្រជុំ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ សមាជិករដ្ឋសភាថៃ បានប្រឆាំងនឹងព្រះរាជក្រឹត្យ ស្ដីពីការផ្ទេរកងទ័ព ចំនួន២អង្គភាព ទៅនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រនៃប្រទេសថៃ Maha Vajiralongkorn ដោយពួកគេ បានអះអាងថា នេះជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។

នេះជាលើកទីមួយ ដែលសមាជិកសភា បានតវ៉ាជាសាធារណៈ ចំពោះវិធានការស្របច្បាប់ទាក់ទងនឹងព្រះរាជកិច្ចនៃព្រះមហាក្សត្រថៃ។ មេដឹកនាំគណបក្សអនាគតទៅមុខ បានលើកឡើងថា ព្រះរាជក្រឹត្យផ្ទេរយោធា ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ត្រូវបានប្រើប្រាស់ខុសពីមាត្រា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីគេចពីរដ្ឋសភាថៃ។ ព្រះមហាក្សត្រថៃ គ្រប់គ្រងលើបញ្ជាការដ្ឋានសន្តិសុខនៃព្រះបរមរាជវាំង។

យ៉ាងណាមិញ សមាជិករដ្ឋសភាមកពីគណបក្សភាគច្រើន គាំទ្រនូវព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថៃ។ សំឡេងគាំទ្រ មាន ៣៦៦សំឡេង ប្រឆាំង ៧០សំឡេង និង ២សំឡេងមិនយកជាផ្លូវការបាន។ សំឡេងប្រឆាំងទាំងអស់ ចេញពីសមាជិកមកពីគណបក្សអនាគតទៅមុខ៕