ខេត្តកំពង់ធំ ៖ បុរសម្នាក់បានសុំមេមាន់បាន១ក្បាលពីម៉ែ យកទៅបោចរោម កាប់ធ្វើម្ហូបក្លែមស្រារហូតស្រវឹងជោកជាំ តែអកុសល ដើរមិនប្រយ័ត្នបានធ្លាក់ទឹកប្រឡាយ៣០កញ្ញា ស្ថិតភូមិកប់ថ្លុក ឃុំដំរី ស្រុកកំពង់ស្វាយ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ។
ជនរងគ្រោះដែលលង់ទឹកប្រឡាយស្លាប់នេះ មានឈ្មោះ ប្រិញ ណន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបកសិករ រស់នៅក្នុងភូមិ-ឃុំខាងលើ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅសុំមេមាន់ពីស្រ្តីជាម្តាយ១ក្បាល យកទៅធ្វើម្ហូបក្លែមស្រានៅផ្ទះឈ្មោះ ស៊ាន វិសាល ដែលនៅភូមិជាមួយគ្នា ឡើងស្រវឹងជោកជាំ ។ ពេលនោះ បុរសជាបងបានឃើញប្អូន (ជនរងគ្រោះ) ស្រវឹងស្រាខ្លាំងបែបនេះ ក៏បានបើកម៉ូតូឌុបប្អូនប្រុស ( ជនរងគ្រោះ) ត្រឡប់មកផ្ទះវិញ លុះដល់វេលាកើតហេតុ ម្ដាយជនរងគ្រោះ ក៏ឃើញកូនរបស់ខ្លួនស្លាប់អណ្ដែតទឹកបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ មន្ត្រីជំនាញ និងគ្រូពេទ្យបានចុះពិនិត្យពុំឃើញមានស្លាកស្នាមអ្វីជាករណីឃាតកម្មឡើយ ពោលគឺជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ហើយក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕