ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងជនជាតិស្វីសម្នាក់ បានដើរវង្វេងក្នុងព្រៃ ស្ថិតភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង កាលពីម៉ោង១៩ និង១០នាទី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ តែសំណាងល្អ ត្រូវបានកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ ដើររកឃើញនាងវិញ។


នារីរងគ្រោះដើរវង្វេងក្នុងព្រៃនៅលើកោះរ៉ុងនេះ មានឈ្មោះ Honegger Jill អាយុ២៣ ឆ្នាំ ជនជាតិស្វីស។
ក្រោយទទួលបានដំណឹងថា នារីខាងលើវង្វេងបាត់នៅក្នុងព្រៃ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បញ្ជាឲ្យកម្លាំងនគរបាលទេសចរណ៍ ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម ថែមទាំងមានប្រជាពលរដ្ឋ រួមទាំងជនបរទេសនៅតំបន់នោះ បាននាំគ្នាដើរស្វែងរកនារីខាងលើឃើញនៅវេលាម៉ោង២០ និង៣៥នាទីយប់ ថ្ងៃដដែល ស្ថិតនៅក្នុងព្រៃជិតឆ្នេរឡងប៊ិច ។
បច្ចុប្បន្ន នារីខាងលើត្រូវសមត្ថកិច្ចបញ្ជូនមកកាន់ទីស្នាក់នៅបឹងហ្គាឡូ យីហោ Sky Bar ស្ថិតសង្កាត់កោះរ៉ុងសន្លឹម ដោយសុវត្ថិភាពវិញហើយ៕