ខេត្តកណ្តាល៖ កាលពីវេលាម៉ោង២០ និង២៨នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក កម្លាំងសមត្ថកិច្ច បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចស្រាបៀររបស់ប្រជាពលរដ្ឋ។


ជនសង្ស័យជាចោរដាច់យ៉ៃលួចស្រាបៀរគេផឹកនេះ មានឈ្មោះថន វ៉ាន់ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែក ជនរងគ្រោះជាម្ចាស់ស្រាបៀរ មានឈ្មោះទន ហ៊ន អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយរាប់លុយជាមួយកូននៅក្នុងផ្ទះ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យលីស្រាបៀរចេញពីផ្ទះរបស់ខ្លួនដើរយ៉ាងលឿនតាមមាត់ព្រែកសំដៅទៅទិសខាងលិច ។ ពេលនោះ ជនរងគ្រោះបានដើរតាមពីក្រោយជនសង្ស័យបានចម្ងាយប្រហែលជា១០០០ម៉ែត្រ ឃើញជនសង្ស័យដាក់ស្រាបៀរចុះ ទើបជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍រដ្ឋបាល រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕