ខេត្តបាត់ដំបង៖ បុរសម្នាក់ ខណៈកំពុងបើកម៉ូតូឌុបប្រពន្ធ ស្រាប់តែមានអាការវិលមុខ ហើយពេលនោះ ស្រ្តីជាប្រពន្ធសុំបើកម៉ូតូឌុបប្តីវិញម្តង តែដឹងអី ! ពេលស្រ្តីជាប្រពន្ធកំពុងបើកម៉ូតូសុខៗ ស្រាប់តែបុរសជាប្តីដែលជិះនៅខាងក្រោយ បានធ្លាក់ពីលើម៉ូតូប្រូស ហើយបានស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវ៥៧ ចន្លោះគីឡូម៉ែត្រ២៨-២៩ ក្រុម១៧ ភូមិបឹងចែង ឃុំស្នឹង ។


ជនរងគ្រោះដែលធ្លាក់ពីលើម៉ូតូស្លាប់នេះ មានឈ្មោះ អន ខឿន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។ ចំណែក ស្រ្តីជាប្រពន្ធមានឈ្មោះ ស៊ូ ដាវីន អាយុ៣៧ឆ្នាំ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងក្តុកក្តួលឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធគាត់បើកម៉ូតូឲឌុបគ្នា គោលបំណងទៅមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង លុះមកដល់ចំណុចខាងលើ ប្តីគាត់( ជនរងគ្រោះ ) បានត្អូញប្រាប់គាត់ជាប្រពន្ធថា វិលមុខណាស់ ពេលនោះ បានសុំបើកម៉ូតូឌុបប្តីវិញម្តង តែដឹងអី ពេលគាត់បើកម៉ូតូចេញបានបន្តិច ស្រាប់តែប្តីធ្លាប់ពីលើម៉ូតូ និងសន្លប់លែងដឹងខ្លួន ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង ហើយបានបញ្ជូនមកមណ្ឌលសុខភាពស្នឹង បំណងជួយសង្គ្រោះ តែពេលគ្រូពេទ្យមណ្ឌល ពិនិត្យរួច បានប្រាប់គាត់ថា ប្តីគាត់ស្លាប់ហើយ ប៉ុន្តែគាត់មិនអស់ចិត្តក៏បញ្ជូនទៅពេទ្យពីរទៀត តែមិនអាចឲ្យប្តីគាត់រស់វិញបានទេ។


ស្ត្រីជាប្រពន្ធ បញ្ជាក់ថា ប្តីគាត់មានជំងឺបេះដូង និងលើសឈាមប្រចាំកាយ តែយ៉ាងណា មិនមានអាការធ្ងន់ធ្ងរទេ ទើបតែថ្ងៃកើតហេតុ ប្តីគាត់ក៏បានជួបគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពជនរងគ្រោះរួចរាល់ បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕