កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ សារព័ត៌មានក្នុងស្រុក បានផ្សាយថា មានករណីភ្លើងឆេះព្រៃនៅក្នុងតំបន់​ Riverside រដ្ឋកាលីហ្វ័រញ៉ាអាមេរិក ​បណ្តាលឲ្យមានអ្នកស្លាប់ ហើយពលរដ្ឋជាង១សែននាក់ ត្រូវបានគេជម្លាសទៅកាន់តំបន់មានសុវត្ថិភាព ។ មន្ត្រីពន្លត់អគ្គិភ័យ បានឲ្យដឹងថា ការដុតសំរាមជាមូលហេតុបានបណ្តាលឱ្យមានភ្លើងឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅ និង បំផ្លាញផ្ទះរាប់សិបខ្នង។

ទោះជាយ៉ាងណា ហេតុការណ៍ខាងលើនេះ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ហើយ១សែននាក់ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ជាពិសេសពលរដ្ឋរាប់សែននាក់ កំពុងតែប្រឈមនិងការអត់ភ្លើងអគ្គិសនីប្រើប្រាស់ នេះបើយោងតាមការឲ្យដឹងពីសារព័ត៌មាន CNN ។

ចំណែកឯអាជ្ញាធរ បានបញ្ជាឲ្យប្រជាពលរដ្ឋរាប់រយនាក់ ដែលស្ថិតនៅក្នុងតំបន់នោះ ចាកចេញពីផ្ទះសម្បែងជាបន្ទាន់ ដើម្បីទៅរកទីកន្លែងមានសុវត្ថិភាព ហើយចំណែកក្រុមអគ្គិភ័យបានមមាញឹកពេញ២៤ម៉ោង ដើម្បីជួយនិងទប់ស្កាត់ស្ថានការណ៍ភ្លើងឆេះព្រៃនេះផងដែរ ។

មន្ត្រីរបស់រដ្ឋ បានថ្លែងថា ភ្លើងឆេះព្រៃ នៅតំបន់ Sandalwood នេះ គឺជាភ្លើងឆេះមួយ ក្នុងចំណោមភ្លើងចំនួន២៧៥លើក ដែលបានឆាបឆេះ នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ខណៈខ្យល់កំពុងបក់មកយ៉ាងខ្លាំង។

នាយកដ្ឋានពន្លត់អគ្គិភ័យ បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តដឹកសំរាមបានចោលសំរាមយ៉ាងច្រើន ទើបបណ្ដាលឲ្យឆេះរាលដាលដល់ចម្ការបន្លែ កាលពីមុនម៉ោង ២ រសៀល ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា។ ភ្លើងឆេះព្រៃនេះ បានឆេះ នៅចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ នាភាគខាងកើត នៃទីក្រុងឡូស អែនជឺរឡែស។

ចំណែកឯអ្នកនាំពាក្យខាងនាយកដ្ឋានពន្លត់អគ្គីភ័យ លោក April Newman បានប្រាប់ព័ត៌មាន Los Angeles Times ថា ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមពីការដុតសម្រាម ដែលរថយន្តដឹកសម្រាមបានយកទៅចាក់គរចោលនៅក្នុងតំបន់នោះ ទើបបណ្តាលឲ្យឆាបឆេះរាលដាល និងអគ្គីសនីត្រូវបានផ្តាច់ការផ្គត់ផ្គង់ភ្លាមៗ ពីអតិថិជនជាង៧៣ម៉ឺនគ្រួសារផងដែរ ។

គេនៅមិនទាន់ដឹង និងធ្វើការសន្មត់ពីទំហំនៃការខូចខាតនៃភ្លើងឆេះព្រៃខាងលើនេះនៅឡើយនោះទេ តែបើតាមការឲ្យដឹងជាបឋម មានមនុស្ស២នាក់បានស្លាប់ ហើយរាប់សែននាក់ត្រូវបានជម្លាសចេញពីលំនៅឋាន និងអត់មានអគ្គីសនីប្រើប្រាស់ ៕