ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តក្រឡាប់ខ្លួនឯង កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំកុរឯកសក័ ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥៧បេចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។


ជនរងគ្រោះជាអ្នករួមដំណើរ ឈ្មោះគីម សុធា ភេទប្រុស ២៣ឆ្នាំ ទីលំនៅនៅភូមិសាមគ្គី ឃុំពេជចិន្តា ស្រុកភ្នុំព្រឹក ស្លាប់នឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរឈ្មោះឃឺត ឃឿន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅនៅភូមិឃុំជាមួយគ្នា របួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាំម៉ារីបាឡែនពណ៌ស្ក ពាក់ផ្លាកលេខ 2Y8803 ភ្នំពេញ បើកបរនៅលើផ្លូវជាតិលេខ៥៧បេ ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថស្រកសំពៅលូន មានផ្លូវកោង យកចង្កូតមិនទាន់ បណ្តាលរថយន្តក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងបួសធ្ងន់ តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែង និងបានប្រគល់សពទៅក្រុមគ្រួសារយកទៅធើបុណ្យតាមប្រពៃណី ៕