ខេត្តព្រះសីហនុ ៖ ទីបំផុត ក្រុមឃាតករដៃឆៅជនជាតិចិន២នាក់ផ្សេងទៀត ដែលរួមដៃគ្នាបាញ់សម្លាប់ជនជាតិចិនមួយ រូបនៅក្រុងព្រះសីហនុ នៅដឹកសពមកទម្លាក់ចោលតាមផ្លូវ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី១១ ខែតុលា នេះ កំពុងនាំមកផ្តន្ទាទោសតាមច្បាប់។


នគរបាល បញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីប្លន់ និងឃាតកម្មបាញ់សម្លាប់ក្នុងរថយន្តរួចទម្លាក់ចេញពីរថយន្តរវាងជនជាតិចិន និងជនជាតិចិន បានកើតឡើងនៅចំណុចផ្លូវសេតេ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ហើយកុ្រមជនសង្ស័យ មានគ្នាសរុប៤នាក់ (ស្រីម្នាក់) ។ កើតហេតុ សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ និងបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

តែយ៉ាងណា ក្រោយពីកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពោលគឺនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាឃាតករ២នាក់បន្ថែមទៀត។


ក្រោយពីប្រតិបត្តិការតាមចាប់ខ្លួនក្រុមជនសង្ស័យជាឃាតករដៃឆៅ ត្រូវបានបញ្ចប់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់កងនគរបាលខេត្តព្រះសីហនុ ចំនួន១០លានរៀល ជាការលើកទឹកចិត្ត។ ជាមួយគ្នានេះ គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលផ្តល់ការលើកទឹកចិត្តដល់កងកម្លាំង ៕