ខេត្តព្រះសីហនុ ៖ នៅទីបំផុត ក្រុមឃាតករដែលបាញ់សម្លាញ់ជនជាតិចិន ហើយទម្លាក់ពីលើរថយន្ត នៅកណ្តាលក្រុងព្រះសីហនុ កាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅនោះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់បាន២នាក់ទៀតហើយ និងនាំមកចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ0២០១៩ មានករណីឃាតកម្មដ៏សាហាវមួយលើជនជាតិចិនម្នាក់ត្រូវឃាតករជាជនជាតិចិនដូចគ្នា បាញ់សម្លាប់ ក្នុងនោះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិនប្រុសស្រី នៅចំណុចរង្វង់មូលតោ២ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ចំណែកបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់។


សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖ ទី១-ឈ្មោះ DU QIANG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ទី
២-ឈ្មោះ CHEN MI XIANG ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក KTV ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែក ជនរងគ្រោះឈ្មោះ WU QINGWEI ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់ (មួយគ្រាប់ចំកំភួនជើងខាងស្តាំធ្លាយ និងមួយគ្រាប់ទៀតចំលើដោះខាងឆ្វេងធ្លាយ ) ។ សមត្ថកិច្ច ដកហូត សំបកគ្រាប់ចំនួន២គ្រាប់ ប្រភេទ ៩mm (នៅក្នុងរថយន្ត), គ្រាប់កាំភ្លើងចំនួន២គ្រាប់ ប្រភេទ ៩mm (នៅក្នុងរថយន្ត), ម្សៅក្រាម ពណ៌ស ២កញ្ចប់តូច សង្ស័យជាសារធាតុញៀន (នៅក្នុងរថយន្ត), រថយន្តម៉ាកMitsubishi ពណ៌ប្រផេះ ពាក់ស្លាកលេខ: ភ្នំពេញ 2AJ-8653 ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៥០នាទី ពួកគេទាំង៣នាក់ បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅក្នុងហាងលក់ខោអាវយីហោរ ហូលីវ៉ូត ដែលមានទីតាំងស្ថិតនៅមហោ ស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងខេត្តព្រះសីហនុ ហើយពួកវាបានចាប់ចងដៃជនរងគ្រោះ ជាជនជាតិចិន ភេទស្រី មកខាងក្រោយដោយប្រើខ្សែរិត(ស៊ីល) និងបានយកខ្សែក្រវាត់ ព្រមទាំងក្រណាត់ទៅចងមាត់ជនរងគ្រោះកុំឲ្យស្រែក រួចយកទៅឃុំទុកនៅជាន់ទី៣ យកលុយអស់ចំនួន ២,០០០ដុល្លារ រួចគេចខ្លួន ។ លុះនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទី ពួកវាទាំង៣នាក់ដដែល បានណាត់ជនជាតិចិនម្នាក់ (ជនរងគ្រោះដែលបានស្លាប់) មកជួបក្នុងគោលបំណងចាប់ជំរិត លុះពេលជនរងគ្រោះចូលដល់ក្នុងរថយន្ត ពួកវាក៏យកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ មិនឲ្យកម្រើក តែដោយជនរងគ្រោះរើបម្រាស់ខ្លាំងពេក ពួកវាក៏បាញ់ជនរងគ្រោះ ១គ្រាប់ ចំកំភួនជើងខាងស្តាំធ្លាយ ពេលនោះជនរងគ្រោះរឹតតែរើបម្រាស់ខ្លាំងឡើងថែមទៀត ទើបពួកវាបាញ់ជនរងគ្រោះ ១គ្រាប់ទៀត ចំលើដោះខាងឆ្វេងធ្លាយ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត ។


បន្ទាប់មកពួកវាបានទម្លាក់សពជនរងគ្រោះចោលតាមផ្លូវ រួចបើករថយន្តគេចខ្លួន ដល់ចំណុចផ្លូវចូលវត្តក្រោម ក៏ផ្លុងទុករថយន្តចោលនៅទីនោះ រួចចែកផ្លូវគ្នារត់គេចរៀងៗខ្លួន ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ត្រូវកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕