ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបើកប្រតិបត្តិ្កការបង្រ្កាបល្បែងស៊ីសង( អាប៉ោង ) នៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដោយចាប់ខ្លួនអ្នកញៀនល្បែងម្នាក់ យកមកចាត់ការតាមផ្លូវច្បាប់ ។ លុះពេលមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យ បានលោតចុះពីរថយន្តសមត្ថកិច្ច បំណងរត់គេចខ្លួន តែបណ្តាលឲ្យបោកក្បាលជាមួយថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម។
ជនរងគ្រោះដែលលោតចេញពីរថយន្តសមត្ថកិច្ចស្លាប់នេះ មានឈ្មោះជ័យ ភារិន (ហៅពៅ) ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។


សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងមួយករណីនៅចំណុចកើតហេតុខាងលើ ហើយបានចាប់ខ្លួនជនរងគ្រោះនាំមកកាន់អធិការដ្ឋានស្រុកភ្នំព្រឹក ដើម្បីចាត់ការតាមផ្លូវច្បាប់ ព្រមទាំងដកហូតម៉ូតូ ចំនួន៣គ្រឿង និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផងដែរ។


ប្រភពបន្តថា ពេលដែលកម្លាំងសមត្ថកិច្ច នាំខ្លួនជនសង្ស័យឈ្មោះជ័យ ភារិន ចេញដំណើរបានប្រហែលជាងមួយគីឡូម៉ែត្រ ពោលគីមកដល់ចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ស្រាប់តែជនសង្ស័យ បានលោតទម្លាក់ខ្លួនពីលើរថយន្តរបស់សមត្ថកិច្ច បំណងរត់គេចខ្លួន តែអកុសល បានដួលបោកក្បាលនឹងថ្នល់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។
ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕