ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូលឿនពេក ចៃដន្យជ្រុលចង្កូតទៅបុក រថយន្តក្រឡុកស៊ីម៉ង់ត៍ពីក្រោយ ដួលបោកក្បាលស្លាប់គួរឲ្យអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។


មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ខាងលើជិះម៉ូតូ ហុងដាប៊ិក ពណ៌សលាយខៀវ ពាក់ស្លាកលេខកណ្តាល1AB.3870 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍ មានក្បាលពណ៌បៃតង ពាក់ស្លាកលេខព្រះស៊ីហនុ3A.2568 កំពុងឈប់ចតនៅលើចិញ្ចើមផ្លូវមិនមានដាក់ភ្លើងសញ្ញា ពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់មួយរំពេច ។ ភ្លាមៗនោះដែរ តៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍បានបើកទ្វារចុះរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង ហើយយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការដ្ឋានរាធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចយកទៅដំកល់ទុកនៅវត្តអង្គតាមិញ រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕