ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសបងប្អូនពីរនាក់ ជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាចិន បានជួបគ្រោះថ្នាក់ជាមួយរថយន្តទំនើបមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ សន្លប់បាត់បង់ស្មារតីម្នាក់ និងម្នាក់ទៀតរបួសស្រាល កាល ពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជា៤ ជិតមន្ទីរវប្បធម៌ ខេត្តកំពង់ឆ្នាំង។
ក្មេងប្រុសរងគ្រោះថ្នាក់របួសធ្ងន់ ឈ្មោះ ខេមរា អាយុជាង១០ឆ្នាំ រស់នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ។


មុនពេលកើតហេតុ ក្មេងប្រុសបងប្អូនពីរនាក់ ជិះម៉ូតូពីត្បូងទៅជើង ខណៈនោះក៏មានរថយន្តមួយគ្រឿង ពណ៌សគ្មានស្លាកលេខ (អ្នកបើកបរមិនត្រូវបានគេឲ្យស្គាល់ឈ្មោះ) បើកចេញពីលេងសីក្នុងសាលាខេត្តកំពង់ឆ្នាំង បញ្ច្រាសទិសគ្នា។ លុះទៅដល់ចំណុចផ្លូវបំបែកជាបួនជិតមន្ទីរវប្បធម៌ ដោយភាគីទាំងពីរមិនមានការប្រុងប្រយ័ត្ន បុកគ្នាតែម្ដង បណ្ដាលឲ្យរបួសធ្ងន់ សន្លប់បាត់បង់ស្មារតីម្នាក់ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ និងម្នាក់ទៀតរបួសស្រាល។ ដោយឡែកអ្នកបើកបរមិនត្រូវបានគេឲ្យស្គាល់ឈ្មោះនោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ក្រុងកំពង់ឆ្នាំង បានចុះមកវាស់វែង និងយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕