ភ្នំពេញ ៖ ស្ថានទូតខ្មែរនៅជប៉ុន បានស្នើសិស្សនិស្សិត និងពលករខ្មែរ ដែលកំពុងសិក្សានិងធ្វើការប្រទេសជប៉ុន ឲ្យប្រុងប្រយ័ត្ន និងកុំចេញពីផ្ទះ ដោយសារនឹងមានខ្យល់ព្យុះ បក់បោកខ្លាំងក្នុងកម្រិតល្បឿន ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅចុងសប្តាហ៍នេះ នៅទីក្រុងតូក្យូ។

យោងតាមហ្វេសប៊ុក របស់ទូតខ្មែរនៅជប៉ុន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ខ្យល់ព្យុះទីហ្វុងទី១៩ នឹងបក់បោកលើតំបន់កានតូ (ជុំវិញទីក្រុងតូក្យូ) នៅថ្ងៃទី១២-១៣ តុលា។ ព្យុះនេះមានកម្រិតខ្លាំងជាងព្យុះទី១៥ ដែលបក់បោកមកលើតំបន់កានតូ កាលពីខែមុនទៅទៀត។

ប្រភពបន្តថា ព្យុះនេះ នឹងធ្វើឲ្យមានខ្យល់បក់ ក្នុងល្បឿន២០០គីឡូម៉ែត្រ ក្នុង១ម៉ោង មានភ្លៀងធ្លាក់ខ្លាំង អាចមានការបាក់ដីនៅតាមជើងភ្នំ និងតំបន់ឆ្នេរមានទឹករលកខ្ពស់។ហ្វេសប៊ុករបស់ទូតបញ្ជាក់ទៀតថា “ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ឬកម្មសិក្សាការីក្នុងតំបន់នេះ មានការប្រុង ប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វើដំណើរចេញពីផ្ទះ បើពុំចាំបាច់ពិសេសនៅថ្ងៃចុងសប្តាហ៌នេះ” ។

ក្នុងនោះផងដែរស្ថានទូតខ្មែរនៅជប៉ុន ក៏បានប្រកាសលេខទូរស័ព្ទ សម្រាប់ឲ្យទំនាក់ទំនងផងដែរ នៅពេលជួបបញ្ហា ០៨០ ៤៦ ៨៩ ៩៣ ៧៤ និង ០៨០ ៣៤ ៥៩ ៧៨ ៨៩ ៕