ខេត្តស្វាយរៀង៖ រថយន្តយីឌុបភ្លៅ៥មួយគ្រឿង សង្ស័យអ្នកបើកបរងោកមួយភាំង បានរេចង្កូតទៅបុករូបសំណាកសត្វគោថ្ម១ក្បាលក្នុងចំណោមរូបសំណាកសត្វគោថ្មទាំង៤ បណ្ដាលបានបាក់បែក តែសំណាងល្អពុំបានបណ្តាលឱ្យមានអ្នករងរបួសទេ ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគោថ្មនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ស្ថិ តនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។


តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តយីឌុបភ្លៅ៥មួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង3A0665 បើកបរពីទិសខាងលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុ រថយន្តបានបានរេចង្កូតទៅបុករូបសំណាកសត្វគោ១នៅប៉ែកខាងត្បូងក្នុងចំណោមរូបសំណាកសត្វគោទាំង៤ បណ្តាលឱ្យបាក់ខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿន ក៍បានទៅបុកគ្រឹះរង្វង់មូល បណ្តាលឱ្យបែកកង់មុខប៉ែកខាងខាងឆ្វេងរេចង្កូត រួចបន្តទៅបុករបងទ្វាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ lolc ទៀត តែសំណាងល្អ ពុំបណ្តាលឱ្យមានអ្នករងរបួសទេ។


ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចដែលប្រចាំការត្រង់ចំណុចរូបសំណាកសត្វគោ៤ខាងលើ បានជួយធ្វើការសម្រួលចរាចរណ៍ ព្រមទាំងបានធ្វើការទំនាក់ទំនងទៅខាងរថយន្តស្ទួច ឲ្យមកស្ទួចរថយន្តបង្ក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕