ខេត្តសៀមរាប ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ឈ្មោះ ឈុន វាន ភេទប្រុស អាយុ៣០ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាឃុំក្ដីរុន គណបក្សសង្គ្រោះជាតិ ស្រុកកំណើតភូមិតាប៉ាង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ពីបទ “រួមគំនិតក្បត់” យោងតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺ លោក យិន ស្រ៊ាង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ថា
ឈ្មោះ ឈុន វាន អតីតសមាជិកក្រុមប្រឹក្សាឃុំក្ដីរុន បានបង្ហោះសារលើបណ្ដាញសង្គម Facebook ពីប្រទេសថៃ កៀរគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល នៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមឧទ្ទាម សម រង្ស៊ី និងបក្ខពួក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។


អ្នកនាំពាក្យបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ រួមគំនិតក្បត់ ដែលមានទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
គិតត្រឹមរសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩ នេះ មានសកម្មជនគណបក្សសង្គ្រោះជាតិ៣៦នាក់ហើយ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ពីបទ “ឧបឃាត” និងបទ “រួមគំនិតក្បត់” ៕