ភ្នំពេញ ៖ ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពឆ្គឹះសោផ្ទះជួលបំណងចូលលួចយកម៉ូតូ មេការមើលការខុសត្រូវផ្ទះជួលនោះ ឃើញតាមកាមេរ៉ាសុវត្តិភាព ចេញមកក្របួចជាប់ ប្រគល់ជូនសមត្ថកិច្ចនគរបាល តែម្តង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នំា២០១៩នេះ នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ តែជនសង្ស័យបានបដិសេធថា ខ្ឡួនមិនបានចូលលួចអីវ៉ាន់ និងម៉ូតូនៅផ្ទះកើតហេតុនោះទេ។


ជនសង្ស័យឈ្មោះ នឹម រី ហៅប៊ិច ភេទប្រុស អាយុ២២ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅភូមិ ចោមចៅ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្ត តាកែវ ។
ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ទា សុថា ភេទប្រុស អាយុ៤៩ រស់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ឯមេការមើលការខុសត្រូវផ្ទះជួលដែលឃើញចោរតាមកាមេរ៉ាសុវត្តិភាព និងជាអ្នកឃាត់ខ្លួនជនសង្ស័យនោះ ឈ្មោះ ឯក រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

លោកមេការឈ្មោះ ឯក រដ្ឋា បានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះជួលរបស់គាត់មានរបង និងចាក់សោត្រឹមត្រូវ ។ ពេលគាត់មើលតាមកាមេរ៉ាសុវត្តិភាព ឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពឆ្គឹះសោផ្ទះជួលបំណងចូលលួចយកម៉ូតូ គាតក៍ចេញមកក្របួចជាប់ ប្រគល់ជូនសមត្ថកិច្ចនគរបាល យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ភ្លាមៗផងដែរ ។
តែជនសង្ស័យបានបដិសេធថា ខ្លួនមិនមានបំណងចូលលួចអីវ៉ាន់ និងម៉ូតូនៅផ្ទះកើតហេតុនោះទេ គឺខ្លួនគ្រាន់តែមកលេងមិត្តភក្តិឈ្មោះ អារាជ នៅផ្ទះជួលខាងលើ ។ ចំណែកឯម្ចាស់ផ្ទះបានបញ្ជាក់ប្រាប់ថា ឈ្មោះអារាជ ដែលជនសង្ស័យថាជាមិត្តភក្ដិរបស់គេនោះ មិនដែលមានឈ្មោះមកជួលផ្ទះគាត់ស្នាក់នៅឡើយ ។
ចោរលេងពុកមាត់ ភ្លាត់ស្នៀត សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕