ភ្នំពេញ: អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា នឹងមានវិធានការចំពោះពលរដ្ឋណា ដែលសង់របងលយចូលដីរដ្ឋ។យោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាល ខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ក្នុង កិច្ចប្រជុំក្រុមការងារបោះ បង្គោល តំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ លោកគួច ចំរើន បានធ្វើការណែនាំ ដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយឯកភាពបង្កើតក្រុមការងារជាពីរក្រុម និងមានចៅសង្កាត់រងចូលរួមក្នុងការបោះបង្គោល ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់យើង ចាប់ផ្តើមដំណើរការបានលឿន។ ក្រុមការងារនីមួយៗត្រូវមានឡានស្ទូចមួយគ្រឿង ដើម្បីជួយសម្រួលការងារលើកដាក់បង្គោល។

លោកបន្តថា “សុំឱ្យក្រុមការងារបច្ចេកទេស ស្រង់ក្បាលដីដែលសង់លយចូលដីរដ្ឋ យើងមានវិធានការចំនួនពីរដូចជា: ១. បើដីមិនទាន់ចុះបញ្ជីទេ មិនអនុញ្ញាតឱ្យចុះបញ្ជី បើគាត់មិនរើរបងដែលលយចូលដីរដ្ឋចេញ។ ២. សូមក្រុមការងារសម្រង់ឱ្យច្បាស់នូវក្បាលដីដែលលយចូលដីរដ្ឋប៉ុន្មានម៉ែត្រការ៉េ និងធ្វើការជូនដំណឹងឱ្យគាត់រុះរើរបងចេញ ប្រសិនបើគាត់មិនសហការជាមួយក្រុមបច្ចេកទេស យើងអាចឈានទៅលប់បណ្ណគាត់ចេញ ដើម្បីការគ្រប់គ្រង កុំឱ្យមានការបំពានលើដីរដ្ឋបន្តទៀត” ។

នាឱកាសនោះដែរលោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ មានប្រសាសន៍ថា ដោយសារតែក្រុមការងារមានបទពិសោធន៍ ចុះទៅដល់គោលដៅនីមួយៗ ចាប់ផ្តើមការងារក្នុងការដាំបង្គោលនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ក្រុង ខេត្តព្រះសីហនុ ដោយធ្វើការបែងចែកក្រុមការងារជាពីរក្រុម ដើម្បីឱ្យក្រុមការងារនីមួយៗចុះបោះបង្គោលបានលឿន រលូនតាមការគ្រោងទុក ៕