ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ ខណៈកំពុងបើកម៉ូតូធ្វើដំណើរមិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្តដឹកទឹកកក១គ្រឿង បើកបោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូ ហើយខ្ទាតជនរងគ្រោះជិត១០០ម៉ែត្រស្លាប់មួយរំពេច។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះចំណុចមុខវត្តអង្គក្រពើ ក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។


ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះ ណៃ នី ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីយោធា មានស័ក្តិ៤កន្លះ ស្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅ ឃុំតាលាស់ ស្រុកមោង ខេត្តបាត់ដំបង ។

ចំណែក រថយន្តបង្ក ជាប្រភេទរថយន្តកូរ៉េ ពណ៌ស ដឹកទឹកកក ពាក់ស្លាកលេខ ភ្នំពេញ 2AA-3164 ជនសង្ស័យបើកបរដោយឈ្មោះប៊ន វីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិចំបក់ ឃុំវែងឫស្សី ស្រុកជាយក្រែង ខេត្តសៀមរាប។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GD- 7703 ធ្វើដំណើរតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅ ពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកមកពីក្រោយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលមកបុកជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះខ្ទាតទៅជិត១០០ម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។


ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង និងកំណត់ហេតុ យកយានពាក់ព័ន្ធ និងអ្នកបើករថយន្តបង្ក ទៅកានឮស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះបានប្រគល់ជូនគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕