រាជធានីភ្នំពេញ៖ អាសូរស្រ្តីជាប្រពន្ធមកឱបសពប្ដីយំរៀបរាប់ថា មុនពេលកើតហេតុ ប្ដីបានទូរស័ព្ទផ្ដាំឲ្យប្រពន្ធចងមុងចាំខ្លួនត្រឡប់មកវិញ តែអកុសល មិនគួរជិះម៉ូតូមកដល់ពាក់កណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័របុកស្លាប់ គួរឲ្យអាណោចអាធ័មបំផុតយ៉ាងនេះសោះ ។


ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ បុកម៉ូតូ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើររងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង២០នាទី យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុង៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកី (គ) សង្កាត់ពងទឹក ខណ្ឌដង្កោ ។


ជនរងគ្រោះឈ្មោះ វង់ ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិត្រពាំងរុន ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ ឈ្មោះ ចេវ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ (កម្មកររោងចក្រ) រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ា។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក YAMAHA EXCITER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 ជាមយយអ្នករួមដំណើរម្នាក់ លើផ្លូវបេតុង៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកី (គ) សង្កាត់ពងទឹក ខណ្ឌដង្កោ ស្រាប់តែមានរថយន្តម៉ាក MITSUBISHI FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 ជាប្រភេទរថយន្តសណ្តោងកន្ទុយពាក់ស្លាកលេខ 4A-7010 បុកពីក្រោយ និងកិន បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសធ្ងន់ ។


ភ្លាមៗនោះ បើកបររថយន្តបង្ក មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។


អ្វីដែលគួរឲ្យអាណិតអាសូរបំផុតនោះ គឺក្រោយពេលដឹងថាប្ដីត្រូវរថយន្តបុកស្លាប់ ស្រ្តីជាជាប្រពន្ធបានធ្វើដំណើរមកពីស្រុកកំណើតទាំងយប់ មកឱបសពប្ដីយំរៀបរាប់ថា មុនពេលកើតហេតុ ប្ដីបានទូរស័ព្ទផ្ដាំឲ្យប្រពន្ធចងមុងចាំខ្លួនត្រឡប់មកវិញ តែអកុសល មិនគួរជិះម៉ូតូមកដល់ពាក់កណ្ដាលផ្លូវត្រូវរថយន្តកុងតឺន័របុកស្លាប់ គួរឲ្យអាណោចអាធ័មបំផុតយ៉ាងនេះសោះ ៕
សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖