រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៨​តុលា​នេះ មន្ត្រីជាន់ខ្ពស់ ក្រសួង​ធនធានទឹក បាន​អះអាង​ថា ស្ថានភាព​កម្ពស់​ទឹកទន្លេ​សាប នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ខាង​មុខ ព្រះ​បរមរាជវាំង នោះ​ទេ ។

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រាប់​ថា តាម​ការ​ព្យាករណ៍​ទៅ​ដល់​ថ្ងៃ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ពេល​ខាង​មុខ​នោះ កម្ពស់​ទឹក នៅ​ស្ថានីយ​ជល​សាស្ត្រ​បា​សាក់​ចតុមុខ ចំណុច​មុខ​ព្រះ​បរមរាជវាំង នឹង​មាន​កម្ពស់​ស្ថិត ក្នុង​រង្វង់​ពី​៤​ម៉ែត្រ​៧០ ទៅ​៤​ម៉ែត្រ​៨០ កម្ពស់​ទឹក​នេះ នឹង​មិន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ព្រះរាជ​ពិធី​ប្រណាំងទូក ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៩ នោះ​ឡើយ ។

គួរ​ជម្រាប​ថា កម្ពស់​ទឹក​ដែល​ល្អ​បំផុត គឺ​ចាប់ពី​៦​ម៉ែត្រ​កន្លះ ទៅ​៧​ម៉ែត្រ ព្រោះ​កាលណា​ទឹក​ខ្ពស់ ផ្ទៃ​ទន្លេ​ទាំងមូល​មើលទៅ​ឃើញ​ធំ​ទូលាយ ហើយ​ទឹក​ក៍​ហូរ​ខ្លាំង​ដែរ​តែបើ​ទឹក​រាក់​វិញ គឺ​មើលទៅ​ឃើញ​ផ្ទៃ​ទន្លេ​រាង​តូច ហើយ​ល្បឿន​ទឹក​ហូរ​ក៍​យឺត​ដែរ ។ ប៉ុន្តែ​បើ​ទោះជា​យ៉ាងណា​ក៍ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា សាធារណៈ​រួច​ហើយ​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៩​នេះ ទោះជា​ទឹកទន្លេ​ស្រក​ចុះ នៅ​ត្រឹម​១​ម៉ែត្រ ក៍ដោយ ក៍​ត្រូវ​តែ​ធ្វើ​ដែរ ៕