ខេត្តកំពត៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នំា២០១៩ សិស្សសាលាម្នាក់ត្រូវបានសិស្សដូចគ្នាវាយជាច្រើនដៃហើយ ក្រោយពីក្រុមគ្រួសារភាគីទាំង២ធ្វើការសម្របសម្រួលគ្នារួចមក ត្រូវលោកនាយកសាលា គំរាមដេញចេញ និងបញ្ឈប់ឲ្យសិក្សាទៀត ដោយសារបញ្ហារូបភាពដែលបង្ហោះតាមហ្វេសប៊ុក ។
សិស្សរងគ្រោះដែលត្រូវលោកនាយកសាលា គំរាមដេញចេញ និងបញ្ឈប់ឲ្យសិក្សានោះ ឈ្មោះប៉ែត ចិន្តា ភេទ ប្រុស អាយុជាង១០ឆ្នាំ មានទីលំនៅភូមិអូរស្លែង ឃុំ ដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
សិស្សឈ្មោះប៉ែត ចិន្តា ជាជនរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីសាច់ញាតិរបស់ខ្លួនត្រឡប់មកពីដោះស្រាយរឿងជម្លោះនោះនៅឯសាលាវិញ ដោយអ្នកដែលវាយខ្លួននោះបានទៅសុំទោសខ្លួន នៅឯសាលារៀនគូររួចហើយ លោកនាយកក៏បានហៅខ្លួន ដែលជាជនរងគ្រោះចូលទៅសួរនៅក្នុងបន្ទប់ ហើយនិយាយសម្លុតខ្លាំងៗថា ឯងត្រូវទៅរកអ្នកថតវីដេអូបង្ហោះតាមហ្វេសប៊ុក ឲ្យឃើញ បើរកមិនឃើញទេ ឯងចេញពីសាលា និងបញ្ឈប់ការសិក្សាទៀតផង។

ម្ដាយជនរងគ្រោះ បានតវ៉ាថា កូនរបស់គាត់មិនខុសផងហេតុអ្វី បានជាលោកនាយកគំរាមបណ្ដេញឲ្យចេញពីសាលា និងបញ្ឈប់ឲ្យសិក្សាបែបនេះទៅវិញទៀត ព្រោះកូនរបស់គាត់ចូលរៀន ត្រូវបង់លុយឲ្យថ្លៃសាលា(ថ្លៃរៀនកួរ) មិនដែលខ្វះផង ហើយកូនរបស់គាត់ត្រូវគេវៃ លោកនាយកថែមទាំងចោទកូនរបស់គាត់ថា ជាអ្នកប្រឌិតរឿងទៀត ពិតជាអយុត្តិធម៌ណាស់ តើលោកនាយកសាលាគាកឃួន ធ្វើបែបនេះ ត្រឹមត្រូវដែរឬទេ ឬមួយលោកនាយកកាន់ជើងសិស្សអាក្រក់ ហើយទម្លាក់កំហុសមកលើសិស្សល្អទៅវិញ ។
ទាក់់ទងករណីនេះ kbn មិនអាចសុំការបំភ្លឺពីលោកនាយកសាលា ដែលរងការចោទប្រកាន់ដូចខាងលើនេះបានទេ៕