ស្វាយ​រៀង ៖ មនុស្ស​ប្រុស​ស្រី​ដែល​ជា​បម្រើ​ការងារ​ជា​បុគ្គលិក ក្នុង​ហាង​ខារ៉ាអូខេ «​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​» ចំនួន​២៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​៤​នាក់ បាន​ពុល​អាហារ ប្រកាច់​ក្អួតចង្អោរ វិលមុខ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ នៅ​ក្រុង​បា​វិត ។

ហេតុ​ការ​ករណី​ពុល​នេះ​ដែរ បាន​កើតឡើង​នា​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​០៧ តុលា ២០១៩ នៅ​ចំណុច​ខារ៉ាអូខេ «​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​» ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

សូម​ជម្រាប​ថា ការ​ពុល​នោះ​មាន​អាការ​ក្អួតចង្អោរ វិលមុខ ថប់ដង្ហើម ដោយ​ឃើញ​បុគ្គលិក​មិន​ស្រួលខ្លួន​បែប​នេះ ទើប​មេការ​ខារ៉ាអូខេ បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង នៅ​ក្រុង​បា​វិត​តែ​ម្តង ។ ក្រោយ​សង្គ្រោះ មាន​បុគ្គលិក​ចំនួន​១៤​នាក់ បាន​ចេញពី​គ្លីនិក នៅ​សល់​តែ​១០​នាក់​ទៀត​មិន​ទាន់​បាន​ធូរស្បើយ បន្ត​នៅ​សម្រាក​ព្យាបាល​បន្ត​ទៀត ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​សុខាភិបាល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ទៅ​ពិនិត្យ​រក​មូលហេតុ ដែល​នាំ​ឲ្យ​ពុល​អាហារ​នៅ​ហាង​ខារ៉ាអូខេ «​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​» ប៉ុន្តែ​ខាង KTV ប្រាប់​ថា មិន​ទាន់​ដល់​ម៉ោង​ចូល​ធ្វើការ​ទេ ហើយ​ក៏​គ្មាន​អ្នកបកប្រែ​ផង​ដែរ ពោល​គឺ​មិន​អោយ​ចូល​តែ​ម្តង ។ ចំណែកឯ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​បា​វិត​វិញ បាន​ត្រឹមតែ​ឆ្លើយ​បន្តាក់​គ្នា​ដូច​ខ្ច​ង មិន​ទាន់​អាច​សហការ​ទេ ។ ដោយ​គ្មាន​អ្នកចូលរួម ទើប​មន្ត្រី​ពេទ្យ បាន​ដកថយ​ទៅ​វិញ​រង់ចាំ​បទបញ្ជា​ថ្មី​ពី​ថ្នាក់ដឹកនាំ ។

ប្រការ​នេះ​ហើយ​ធ្វើ​អោយ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​បា​វិត មិនសូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នោះ​ទេ ។

ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី0៨ ខែតុលានេះ អ្នកសារព័ត៍មានKBN មិនអាចរកការបំភ្លឺ ពីថៅកែខារ៉ាអូខេជនជាតិចិនខាងលើនៅឡើយ​ទេថា តើបណ្តាលមកពីអ្វីឲ្យពិតប្រាកដនោះ ។

ដោយឡែក មតិ​មហាជន​ដែល​រស់នៅ​ក្រុង​បា​វិត បានអោយ​និយាយ​ត​ៗ​គ្នា​ថា ទំនិញ​ជា​ច្រើន បាន​ឆ្លងកាត់​មក​ពី​ប្រទេស​ជិត ខាង​ពុំ​មាន​ជំនាញ​ណាមួយ បាន​ត្រូ​ត​ពិនិត្យ​ត្រឹមត្រូវ​ច្បាស់លាស់​នោះ​ឡើយ ហើយ​ឈ្មួញ​ដឹក​តាម​ច្រក​មួយ​ចំនួន ដោយ​លូច​លាក់​ទៀត​ផង ពួក​គាត់​សព្វ​ថ្ងៃនេះ មានការ​ព្រួយ​បារ​ម្ម​អំពី​បញ្ហា​សុខភាព​ចំពោះ​ចំណីអាហារ​គ្រប់​ប្រភេទ ៕