ខេត្តព្រៃវែង៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវម៉ូតូសិស្សសាលា ជិះបុកកង់ពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់មួយរំពេច ខណ:ក្មេងតូចម្នាក់ទៀតរងរបួសធ្ងន់។នៅ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចមុខមន្ទីរពេទ្យបង្អែក ស្រុកកំចាយមារ ក្នុងភូមិជោទី២ ឃុំគ្រញ៉ូង ស្រុកកំចាយមារ ។
ជនរងគ្រោះឈ្មោះ មីង ហាន អាយុ៥៨ឆ្នាំ រស់នៅឃុំភូមិ ឃុំខាងលើ ហើយជនបង្កជាសិស្សសាលា រស់នៅភូមិឃុំជាមួយគ្នា។


មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ ជិះកង់ ធ្វើដំណើរពីកើតទៅលិច លុះមកចំណុចកើតហេតុ បានបត់ចូលមន្ទីរពេទ្យបង្អែក ស្រុកកំចាយមារ ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះមកក្រោយបុកពេញទំហឹងតែម្តង បណ្តាលជនរងគ្រោះស្លាប់ភ្លាមៗ និងក្មេងម្នាក់រងរបួសធ្ងន់ ខណ:ជនបង្កក៍រងរបួសធ្ងន់ដែរ ត្រូវបានបញ្ជូនទៅសង្គោះបន្ទាន់នៅមន្ទីរពេទ្យឯភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះវាសវែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការនគរបាលស្រុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕