ខេត្តកណ្តាល ៖ លោកហ៊ឹម ប៊ុណ្ណារ៉ា ប្រធានគណៈកម្មការវត្តព្រែកតូច ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង បានជេរប្រមាថព្រះសង្ឃក្នុងវត្ត នៅចំពោះមុខប្រជាពុទ្ធបរិស័ទ ក្នុងថ្ងៃកាន់បិណ្ឌវេនទី១២ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ធ្វើឲ្យពលរដ្ឋមិនពេញចិត្ត ក៏បាននាំផ្តិតមេដៃប្តឹងទៅមន្ត្រីសង្ឃ និងលោកអភិបាលស្រុកស្អាង ទាមទារឲ្យដកលោកចេញពីតួនាទី… ។


យោងតាមលិខិតរបស់ព្រះតេជគុណ វណ្ណ រ័ត្ន ធ្វើនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ដែលសុំឲ្យលោកអភិបាលស្រុកស្អាង ជួយដោះស្រាយ មានខ្លឹមសារដើមទាំងស្រុងថា « កម្មវត្ថុ ៖ ស្នើសុំជួយដោះស្រាយរកយុត្តិធម៌ នឹងបញ្ចប់តួនាទីប្រធានគណៈកម្មការវត្តព្រែកតូច ។ កើតហេតុ ថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១១ និង៣០នាទី នៅចំណុចសាលាឆានវត្តព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។


សភាពរឿងហេតុ៖ កាលពីវេលាថ្ងៃខែឆ្នាំខាងលើ បុគ្គលឈ្មសោះ ហ៊ឹម ប៊ុនណារ៉ា រស់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានតួនាទជាប្រធានគណៈកម្មវត្តព្រែកតូច បានចូលមកកុដិអាត្មាភាពដែលចៅអធិការវត្តប្រគល់នាទីឲ្យជាអ្នករៀបចំទុកដាក់វត្ថុលហុភណ្ឌ រួសគាត់បានយកទូរស័ព្ទថតសកម្មភាពផ្សេងៗ អាត្មាក៏បានសួរនាំថា ថតធ្វើអី? គាត់បានឆ្លើយតបថា ថតធ្វើឯកសារ អាត្មាបន្តថា បន្ទប់នេះកុដិអាត្មា ហើយរបស់ទាំងអស់នេះ ជារបស់លោកបង្សុកូល លោកគ្រូគ្មានសិទ្ធិថតទេ គាត់តបវិញថា គាត់មានសិទ្ធិថត ព្រោះគាត់ជាគណកម្មការ អាត្មាបន្តទៀតថា ទោះគណកម្មការ ក៏គ្មានសិទ្ធិថតដែរ ព្រោះវាជារបស់សង្ឃ ពេលនោះគាត់ចាប់ផ្តើមនិយាយទាំងកំហឹង សម្តីខ្លាំងដាក់អាត្មាថា អានេះភ្លើ អត់ដឹងថាគណកម្មការមានសិទ្ធិអ្វីខ្លះ? របស់ទាំងនេះជារបស់អញទាំងអស់(សំដៅលើទេយ្យទានដែលពុទ្ធបរិស័ទប្រគេនលោក) អញមានសិទ្ធិគ្រប់គ្រងទាំងអស់ក្នុងវត្តនេះ ហ្អែងភ្លីភ្លើអត់ដឹងថា អញមានតួនាទីអ្វី អញមានសិទ្ធិទាំងអស់ក្នុងវត្តនេះ ហ្អែងគ្មានតួនាទីអ្វីក្នុងវត្តនេះទេ គ្រូសូត្រឆ្វេងក៏មិនមែន ស្តាំក៏មិនមែន អាត្មាតបវិញថា អាត្មាអត់ភ្លើទេ ព្រោះរបស់ទាំងអស់នេះ ចៅអធិការបានប្រគល់ឲ្យអាត្មាជាអ្នកទុកដាក់ចាត់ចែងគ្រប់គ្រង នេះមិនតួនាទីឬ? លើសពីនេះទៀត ក្នុងកុដិព្រះចៅអធិការវត្ត បុគ្គនេះបានប្រើពាក្យជេរប្រមាថធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន មកលើអាត្មា និងការប្រើប្រាស់ពាក្យធ្ងន់ៗថា អញត្រូវតែយកលោកហ្នឹងចេញពីកន្លែងនឹងឲ្យបាន បើធ្វើមិនចេញ សុខចិត្តចេញខ្លួនឯង ការប្រមាថ និងប្រើពាក្យគ្រោតគ្រាតនេះ ធ្វើឡើងចំពោះមុខចៅអធិការវត្ត មេឃុំព្រែកគយ ប្រធានអាចារ្យ ហើយក៏អ្នកផ្សេងទៀត នៅក្នុងនោះផងដែរ អ្នកទាំងអស់គ្នាសុទ្ធតែនៅក្នុងហេតុការណ៍។
អាស្រ័យដូចបានរៀបរាប់ខាងលើ សូមលោកអភិបាលស្រុកស្អាង មេត្តាជួយដោះស្រាយ រកយុត្តិធម៌ឲ្យអត្មាភាពដោយក្តីអនុគ្រោះផង»។


ការជេរប្រមាថនេះ បានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះទង្វើរបស់លោក ហ៊ឹម ប៊ុណ្ណារ៉ា ប្រធានគណៈកម្មការវត្តព្រែកតូច ហើយពលរដ្ឋនាំគ្នាផ្តិតមេដៃដាក់ពាក្យប្តឹងទៅ ប្រធានការិយាល័យធម្មការស្រុកស្អាង ព្រះមេគណស្រុកស្អាង និងអភិបាលស្រុកទៀតផង ដើម្បីជួយដោះស្រាយរកយុត្តិធម៌ និងធ្វើយ៉ាងណាសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញបញ្ឈប់បុគ្គលរូបនេះ ពីប្រធានគណៈកម្មការវត្តព្រែកតូច។
ជុំវិញនឹងការប្រមាថមកលើព្រះសង្ឃនេះ ព្រះចៅអធិការវត្តព្រែកតូចព្រះនាម សម្បត្តិធម្មោ អ៊ី សម្បត្តិ ក៏បានចេញលិខិតចំនួនបីច្បាប់ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ដាក់ទៅអភិបាលស្រុកស្អាង ប្រធានការិយាល័យធម្មការស្រុកស្អាង និង មេគណស្រុកស្អាង ផងដែរ ដែលក្នុងលិខិតនោះ បានបញ្ជាក់ថា ឈ្មោះ ហ៊ឹម ប៊ុណ្ណារ៉ា បានជេរប្រមាថទៅលើព្រះសង្ឃព្រះនាម វណ្ណ រ័ត្ន ពិតប្រាកដមែន។


ដោយឡែក លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា លោកបានទទួលពាក្យបណ្តឹងនោះហើយ ប៉ុន្តែករណីនេះលោកកំពុងធ្វើការសម្របសម្រួល។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» មិនអាចសុំការបកស្រាយពីលោក ហ៊ឹម ប៊ុណ្ណារ៉ា ប្រធានគណៈកម្មការវត្តព្រែកតូច បានទេ តែយ៉ាងណា យើងរង់ការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕