ខេត្តកណ្ដាល ៖ បុរស២នាក់ បានបើកម៉ូតូ១គ្រឿងឌុបគ្នាបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកគូទរថយន្តដឹកត្រីយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេ២១បេ ស្ថិតនៅក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ។


មន្ត្រីនគរបាលចរាចរស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ ទី១- ឈ្មោះវៀង តាំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុន សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HP-8862 និងទី២-ឈ្មោះ សុខ ប៉េង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងម៉ាស៊ីន ជាអ្នករួមដំណើរ) ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅក្នុង ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកភាគីខាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0143 (ដឹកត្រី) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល) ។


ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ បានបើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿន មិនដឹងជាប្រញាប់ទៅណាទេ លុះពេលមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកគូទរថយន្តដឹកត្រីយ៉ាងពេញទំហឹង ដួលម៉ូតូបោកក្បាលជាមួយថ្នល់ទាំង២នាក់តែម្តង ។ ចំណែក អ្នកបើកបររថយន្ត យល់សភាពមិនស្រួល បានចុះរត់គេចខ្លួនបាត់ស្រុមោលតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ចុះទៅធ្វើការវាស់វែង ដកហូតយានយន្តពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ដោយឡែកសាកសពជនរងគ្រោះទាំង២ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ៕