ខេត្តកណ្តាល៖ បុរសម្នាក់ បានជួបជុំបនភឿនផឹកស៊ីឡើងស្រវឹងធ្លាក់ភ្នែក លុះពេលត្រឡប់មកផ្ទះវិញ បានរករឿងឈ្លោះប្រពន្ធ រហូតផ្ទុះភ្លើងកំហឹងទាញព្រន់ដេញវាយប្រពន្ធ និងម្តាយបង្កើតរត់ឲ្យគេជួយផ្អើលពេញភូមិ។ ករណីអំពើហិង្សាជនកំណាចដេញវាយប្រពន្ធ និងម្តាយបង្កើតនេះ បានកើតឡើង វេលាម៉ោង១៤ និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ចំណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។
ជនប្រមឹកដែលយកព្រនង់ដេញវាយប្រពន្ធ និងម្តាយបង្កើត មិនខ្លាចធ្លាក់នរកនេះ មានឈ្មោះ ទេយ្យ សុវណ្ណដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំ.កើតហេតុ ។ ចំណែក ស្រ្តីរងគ្រោះ មានឈ្មោះ ស៊ិន ចរិយា អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីពេទ្យចូលនិវត្តន៍ មានទីលំនៅភូមិ.ឃុំ.កើតហេតុ (ជាម្តាយបង្កើតជនសង្ស័យ) និងម្នាក់ទៀត មានឈ្មោះកែ ស្រីពៅ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំ.កើតហេតុ (ជាប្រពន្ធជនសង្ស័យ)។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនសង្ស័យតែងតែផឹកស្រាស្រវឹងរករឿងជេរប្រមាថគំរាមលើម្តាយបង្កើតឈ្មោះ ស៊ិន ចរិយា និងប្រពន្ធខ្លួនឈ្មោះ កែ ស្រីពៅ ជាច្រើនលើកមកហើយ។ លុះនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង ១៦ និង១០នាទី ជនសង្ស័យបានផឹកស្រាស្រវឹងជេរប្រមាថលើប្រពន្ធ និងយកដំបងឫស្សីដេញវាយប្រពន្ធ តែវាយមិនបាន រួចប្រពន្ធបានគេចទៅក្រុងតាខ្មៅ ។ លុះរំលងបាន១ថ្ងៃ គឺថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ ម៉ោង ១០ និង៣០ នាទី ឈ្មោះ កែ ស្រីពៅ និងម្តាយក្មេកឈ្មោះ ស៊ិន ចរិយា បានត្រឡប់ពីក្រុងតាខ្មៅមកផ្ទះវិញ។ លុះដល់ម៉ោង ១៤:០០ នាទី ជនសង្ស័យបានផឹកស្រាស្រវឹងជេរប្រមាថលើម្តាយនិងប្រពន្ធព្រមទាំងយកដំបងឫស្សីដេញវាយប្រពន្ធនិងម្តាយ ហើយប្រពន្ធនិងម្តាយបានរត់គេចចេញ បន្ទាប់មកជនសង្ស័យយកដំបងឬស្សីវាយលើសម្ភារៈនៅមុខផ្ទះមាន បង្គោលរបង និងវត្ថុផ្សេងៗទៀត ហើយម្តាយនិងប្រពន្ធបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕